ព័ត៌មានទាន់ហេតុការណ៍៖

ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ ករណី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០៣១ ក្រសួងសុខាភិបាលបានចេញ សេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ ករណី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៣ ខែសីហា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.617-2 (Delta) ចំនួន ៣៦នាក់ (ស្រី ១៦នាក់) ក្នុងនោះបុគ្គលិកសុខាភិបាលចំនួន ៨នាក់ (ស្រី ២នាក់) អ្នកភូមិក្នុងសហគមន៍ចំនួន ២៨នាក់ (ស្រី១៤នាក់) ដែលមានលំអិតក្នុងតារាងខាងក្រោម៖
ក្រសួងសុខាភិបាលសូមកែតម្រូវនូវ តួលេខ ដែលបានជម្រាបជូន នៅក្នុងសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១ដូចតទៅ ៖
ចំនួនសរុបពី១០៩ នាក់ (សី ៤៨នាក់) ទៅចំនួន ១១០នាក់ (ស្រី ៥០នាក់)
មូលហេតុ៖ ដោយសារនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនទាន់បានបូកបញ្ចូល ចំនួន២ករណី (ស្រី១នាក់ ប្រុស១នាក់) ដែលបានរកឃើញ នៅខេត្តកំពង់ចាម ។ ដូច្នេះចំនួនដែលបានរកឃើញវីរុសប្រភេទដែលតានៅខេត្តកំពង់ចាមត្រូវកែតម្រូវពីចំនួន១នាក់ទៅចំនួន៣នាក់ (ស្រី១នាក់) វិញ។
ការកែរាយការណ៍ភេទរបស់អ្នកជំងឺពីភេទប្រុស មកភេទស្រី សម្រាប់មន្ទីរពេទ្យកាល់ម៉ែត។
លើសពីនេះករណីដែលបានរកឃើញវីរុសដែលតា នៅខេត្តឧត្តរមានជ័យ សូមកែតម្រូវពីចំនួន២១ករណី (សី ៧នាក់) ទៅជា២០ករណ៍(ស្រី៧នាក់) (ដោយសាររាប់ករណីត្រួតគ្នា រវាងថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២១) ។

សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រឡប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិក សុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ (ស្ត្រី ១២៥នាក់) ។ យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Dalta) បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍របស់យើងហើយ ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប កំពង់ចាម និងកំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ “រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែង ថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថារហតុណាមួយ។ សូមបន្តអនុវត្តឱ្យបាន ខ្ជាប់ខ្ជួន នូវ ៣ការពារ ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំ ទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរព ទៅតាមការណែនាំរបស់ គណៈ កម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយ ធំ។ ជាបន្ថែមសូមកុំទៅកាន់ទីតាំង ៣ “ជ” (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជា ទីតាំងដែលមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យ ទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនោះដែរក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែល ក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្រ្ត។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើ ៣ការពារ ៣កុំ និងកុំទៅកាន់ ទីតាំង ៣ “ជ” ដើម្បី ការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយក មកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖