ប្រធានាធិបតីបារាំង លោក Emmanuel Macron ទើបតែបានបង្ហោះឃ្លីបវីដេអូនៅលើបណ្តាញសង្គម ទិកតុក និង Intagram ដោយលោកបានអញ្ជើញក្រុមយុវវ័យដាក់ជាសំណួរស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ។ បណ្តាញសង្គម ទិកតុក កំពុងតែពេញនិយមក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។
សារព័ត៌មាន AFP នៅថ្ងៃទី៣ ខែសីហា បានផ្សាយថា ប្រធានាធិបតីបារាំង ស្លៀកពាក់ធម្មតានៅផ្ទះហើយបានថតវីដេអូដោយខ្លួនឯងតាមទូរស័ព្ទ ដោយមានរូបទង់ជាតិបារាំងនៅពីក្រោយ។ លោកម៉ាក្រុងបាននិយាយថា «ខ្ញុំដឹងថាមានមនុស្សជាច្រើនក្នុងចំណោមយុវវ័យនៅតែមានចម្ងល់ជាច្រើន និងក្តីបារម្ភពីការចាក់វ៉ាក់សាំងដោយសារតែទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពាក្យចចាមអារ៉ាម …។ ដូច្នេះហើយទើបខ្ញុំសម្រេចឆ្លើយសំណួរទាំងឡាយរបស់យុវវ័យ សូមដាក់សំណួរមកចុះនូវអ្វីដែលឆ្ងល់ ខ្ញុំនឹងឆ្លើយតបទៅវិញឲ្យបានច្បាស់បំផុត។
រូបវីដេអូ ត្រូវបានប្រធានាធិបតីថតនៅផ្ទះលម្ហែកាយរបស់លោកជិត Bregancon ក្នុងតំបនVar ។ ប្រធានាធិបតីបារាំងបានបញ្ជាក់ថា ការប្រជែងនឹងពេលវេលាដើម្បីប្រឆាំងនឹងវិរុសកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតាបានចាប់ផ្តើមឡើងហើយហើយវីរុសនេះកំពុងតែរាលដាលយ៉ាងឆាប់រហ័សទៅក្រុមមនុស្សមានវ័យក្មេង ។ បច្ចុប្បន្ន ក្នុងចំណោមមនុស្ស៩លាននាក់មានវ័យចាប់ពី១៨-២៤ឆ្នាំ ទើបតែចាក់វ៉ាក់សាំងបានតែ៣,៥លាននាក់ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងបានមួយដូស។
ឃ្លីបវីដេអូរបស់ប្រធានាធិបតីម៉ាក្រុង បានទាក់ទាញមនុស្សជាច្រើនចូលទស្សនាដោយមានអ្នកទស្សនាដល់ទៅ១២លាននាក់ក្នុងបណ្តាញទិកតុក និងជិត២លាននាក់ក្នុងបណ្តាញ Instagram ។
សកម្មភាពខាងលើរបស់ប្រធានាធិបតីបារាំងក្នុងពេលដែលមានបាតុកម្មជាច្រើនកើតឡើង ប្រឆាំងនឹងច្បាប់ហាមប្រាម មួយចំនួនដល់ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ក៏ដូចជាលិខិតឬកាតបញ្ជាក់ពីការចាក់វ៉ាក់សាំង…៕ដោយ៖ធីរីណា