ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ បន្តយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការ ចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២នេះ ប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា តាមផែនការ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សរុបចំនួន ១១៨០៩នាក់ ដោយមានការចូលរួមចាក់ដោយស្ម័គចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុក ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២នេះ ក្នុងមួយថ្ងៃជាង ៤០០០នាក់ ដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥នេះ បានដំណើរការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចល័តទៅកៀក ផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងទាំង២ដូស រួចរាល់ហើយ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី២នេះ ប្រជាពលរដ្ឋបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមគោរពអរគុណជូនចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖