ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃ អំពាវនាវឲ្យអាជីករខ្មែរក្នុងផ្សាររ៉ុងក្លឿ រួសរាន់ទៅត្រួតពិនិត្យរកមើលមេរោគកូវីដ-១៩ បន្ទាប់មានអាជីវករខ្មែររកឃើញមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តស្រះកែវ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅបន្តអំពាវនាវឲ្យអាជីករខ្មែររួមទាំងពលរដ្ឋថៃ ដែលប្រកបរបររកស៊ីក្នុងផ្សាររ៉ុងក្លឿ ប្រញាប់ចូលខ្លួន ទៅត្រួតពិនិត្យ រកមេរោគកូវីដ-១៩ ជាបន្ទាន់ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីករខ្មែរ និងប្រជាពលរដ្ឋថៃ រាប់រយនាក់ជាបន្តបន្ទាប់។
ប្រភពអាជីវករផ្សាររ៉ុងក្លឿប្រទេសថៃបានឲ្យដឹងថា អាជ្ញាធរខេត្តស្រះកែវ រួមទាំងប្រធានមន្ទីរសុខាភិបាលខេត្ត បានអំពាវនាវឲ្យអាជីករខ្មែរនិងប្រជាពលរដ្ឋថៃប្រកបរបររកស៊ីនៅក្នុងបរិវេណផ្សាររ៉ុងក្លឿក៏ដូចអ្នកដែលបានប្រាស្រ័យទាក់នឹងអ្នកវិជ្ជមានកូវីដ-១៩ នាពេលកន្លងមកប្រញាប់ទៅពិនិត្យរកមេរោគកូវីដ-១៩ ជាបន្ទាន់និងកុំមានការគេចវេះ អាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយពេលកន្លងមកអាជ្ញាធរថៃរួមទាំងមន្ទីរសុខាភិបាលខេត្តបានរកឃើញវិជ្ជមានកូវីដ-១៩ លើក្រុមអាជីករខ្មែរ និងពលរដ្ឋថៃរាប់រយនាក់ នៅក្នុងបរិវេណផ្សាររ៉ុងក្លឿដោយឡែកអាជីករខ្មែរ មួយចំនួនតូចបានគេចវេះមិនព្រមចូលខ្លួនទៅពិនិត្យរកមេរោគកូវីដ-១៩ឡើយ ដោយសំងំលាក់ខ្លួន ក្នុងតូប ឬតាមឃ្លាំងដាក់អីវ៉ាន់ទៅវិញ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តស្រះកែវ បានរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី មានចំនួន៣៨២នាក់ និងស្លាប់១នាក់ ក្នុងនោះមាន ស្រុកខូកសូងមានចំនួន០៣នាក់ ស្រុកមឿងស្រះកែវ មានចំនួន០៦នាក់ ស្រុកវ៉ាំងណាំយិន មានចំនួន០៣នាក់ ស្រុកវ៉ាំងសំប៊ូន មានចំនួន០១នាក់ ស្រុកអារ័ញប្រាថេត មានចំនួន៣១៨នាក់ក្នុង នោះមានអ្នកជំងឺមកពីផ្សាររ៉ុងក្លឿមានចំនួន៣០១នាក់ និងមកពីខេត្តផ្សេងសម្រាកព្យាបាលក្នុង ខេត្តមានចំនួន៥១នាក់ និងមានអ្នកស្លាប់០១នាក់ អ្នករស់នៅក្នុងខេត្ត ស្រះកែវផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖