ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដង្កោ​ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន២នាក់​ក្រោយពីលួចម៉ូតូបានសម្រេចហើយគេចខ្លួនមួយរយៈ

ចែករំលែក៖

   ភ្នំពេញ ៖​ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ​ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ២នាក់​ជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី៤​ ខែសីហា​ ឆ្នាំ​២០២១​ ក្រោយពីពួកគេបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះបានសម្រេចកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ត្រង់ចំណុចបឹងឈូក ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

  សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន រក្សា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ចំណែកជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះ ហេង សួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ២ បុរីហ្គ្រេនផាក ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ទី២-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៩០A ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

  វត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CC-4499 ចំនួន១គ្រឿង។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CC-4499 ចេញពីយានដ្ឋានជួសជុលរថយន្ត ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកទៅស្ទួចត្រីនៅបឹងឈូក ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើនៅលើដីទួលមាត់បឹង ដោយមិនបានចាក់សោ.កត្រឹមត្រូវទេ ហើយម៉ូតូនោះក៏ពុំមានកូនសោដែរ រួចក៏ដើរកាត់វាលស្រែទៅស្ទួចត្រីនៅបឹងឈូក ដែលមានចម្ងាយពីម៉ូតូប្រហែល១៥០ម៉ែត្ររហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រឡេកមើលម៉ូតូស្រាប់តែបាត់ពីកន្លែងទុក ហើយជនរងគ្រោះក៏មិនបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចភ្លាមៗនោះទេ ដោយសារជាប់រវល់ការងារនិងត្រូវទៅស្រុកកំណើតនៅឯខេត្តព្រៃវែង។ លុះមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ និងម៉ូតូម៉ាកខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

  លុះដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហេង សួរ ភេទប្រុស អាយុ១៨ឆ្នាំ រួមនឹងវត្ថុតាងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CC-4499 ម (ម៉ូតូរបស់ជនរងគ្រោះ) ត្រង់ចំណុចកន្លែងជួសជុលម៉ូតូ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៩០A ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរ។

    បច្ចុប្បន្ននេះ​ ជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវកម្លាំងនគរបាលឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌដង្កោដើម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖