ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី​៖​ អបអរសាទរ​ចំពោះការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្រ្តាហ្សេនេកា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលអង់គ្លេស

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍​ទី០៥ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដោយ​​បញ្ជាក់​ថា៖តាមរយៈយន្តការនានា ទាំងទ្វេភាគី​ និងពហុភាគី ព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ពីបណ្តាមិត្តភក្តិបរទេស។

ជាក់ស្តែង ចក្រភពអង់គ្លេសគឺជាប្រទេសទី៤ហើយ បន្ទាប់ពីចិន​​ ជប៉ុន​ និងអាមេរិកដែលបានផ្តល់វ៉ាក់សាំងដល់ព្រះរាជាណាចក្រកម្ពុជា។​ បើទោះបីជាវ៉ាក់សាំងត្រូវបានចាត់ទុកជាទំនិញយុទ្ធសាស្រ្តក្នុងបរិបទនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩នៅទូទាំងពិភពលោកក៏ដោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ កម្ពុជាអាចរក្សាបាននូវលំហូនៃវ៉ាក់សាំងបានគ្រប់គ្រាន់ដែលបានធ្វើការការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចអនុវត្តបានជាហូហែ។

រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជាង៧០%នៃផែនការរួចមកហើយ (យោងទិន្នន័យទទួលបានពីអនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ ១៩ គ.វ.ក ១៩ គិតត្រឹមថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២១)។ ជាងនេះទៅទៀត ថ្មីៗនេះ យន្តការនៃការចាក់វ៉ាក់សាំង បានពង្រីកទៅដល់ការចាក់ឲ្យកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់១៧ ឆ្នាំទៀតផង។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមទៀតថា​ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ​​ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅនូវការមកដល់នៃវ៉ាក់សាំងប្រភេទអាស្រ្តា ហ្សេនេកាចំនួន ៤១៥ ០០០ ​ដូស​ ដែលនឹងត្រូវចូលរួមជាមួយបណ្តាវ៉ាក់សាំងដទៃទៀត ក្នុងការបង្កើតភាពស៊ាំសហគមន៍ដ៏រឹងមាំសម្រាប់កម្ពុជា។​ ខ្ញុំសង្ឃឹមថា ជាមួយនឹងដំណើរការយ៉ាងរលូននៃការចាក់វ៉ាក់សាំងក្រោមយុទ្ធសាស្រ្ត​​ “ផ្ការីក” កម្ពុជានឹងសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងតាមការគ្រោងទុក និងជាពិសេស​ ការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នឹងកាន់តែជួយឱ្យយុទ្ធនាការនេះមានប្រសិទ្ធភាពកាន់តែខ្ពស់។ជាថ្មីម្តងទៀត​ ខ្ញុំសូមថ្លែងអំណរគុណ​ចំពោះរាជរដ្ឋាភិបាលអង់គ្លេស ដែលសម្រេចផ្តល់វ៉ាក់សាំងនេះដល់កម្ពុជា និងសូមកោតសរសើរជូនចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ​១៩ ក្រុមគ្រូពេទ្យ​ កងទ័ព ក៏ដូចជាយុវជនស្ម័គ្រចិត្ត និងអ្នកសម្របសម្រួលទាំងអស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានចាត់ទុកជាអាទិភាពសំខាន់មួយក្នុងបណ្តាយុទ្ធសាស្រ្តនានាដើម្បីគ្រប់គ្រងជំងឺកូវីដ ១៩ដ៏កាចសាហាវមួយនេះ។ ជាមួយគ្នានោះដែរ ខ្ញុំសូមអំពាវនាវដល់បងងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តវិធានការទាំងឡាយសំដៅកាត់ផ្តាច់ការចម្លងចូលសហគមន៍ ដើម្បីយើងទាំងអស់គ្នាឆ្លងផុតគ្រាលំបាកនេះ៕

ដោយ​៖សហការី​


ចែករំលែក៖