ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​នេះ​អាជ្ញាធរ​ថៃ! ​នៅតែបន្ត​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីខ្ពស់ដដែលចំនួន ២១,៣៧៩នាក់​ ខណៈអ្នកជំងឺ ១៩១នាក់ទៀតស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ប្រចាំថ្ងៃស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ​ បន្ដកេីនឡេីងខ្ពស់ដដែលរហូតដល់ចំនួន ២១,៣៧៩ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន ១៩១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូច​គ្នា​។

ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២០,៨៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៤៨៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២២,១៧២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា​ ប្រទេសថៃ​ បានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុប ១៨.២លានដូស ក្នុងនោះប្រជាជន ៣.៩៩លាននាក់ (៥.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស​ គិតត្រឹមដើមសប្តាហ៍នេះ។ 

បច្ចុប្បន្ន​ ប្រទេសថៃ​ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧១៤,៦៨៤ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៨៥៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៩៥,៩០៤នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖