ខេត្តកណ្តាល: នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦៣គ្រួសារ ស្ថិតនៅគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅឃុំគោកត្រប់ ជាពិសេសជូនប្រជាពលរដ្ឋនៅឃុំគោកត្រប់ទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរដោយយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
លោកប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មី (Delta) ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍។ ជំងឺកូវីដប្រភេទថ្មីនេះ កាចសាហាវ និងឆ្លងលឿនជាងមុន។ ហេតុនេះ សូមខិតខំអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីជៀងវាងការឆ្លងនូវជំងឺកូវីដ-១៩ ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស។
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះរួមមាន ៖ អង្ករ២០គីឡូ មី០១កេសតូច ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០១គីឡូក្រាម ត្រីខ០១យួរ ស្ករស០១កញ្ចប់ ប៊ីចេង០១កញ្ចប់ ម៉ាស០១ប្រអប់ និងថវិកាចំនួន៥០,០០០រៀល។ ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភបន្ថែមដល់ប៉ុស្តិ៍នគរបាលឃុំគោកត្រប់១២០,០០០រៀល និងឧបត្ថម្ភដល់រដ្ឋបាលឃុំគោកត្រប់ថវិកាចំនួន១លានរៀល ដោយចំណាយអស់ថវិកាសរុបចំនួន១២,៩៧៦,៥០០រៀល (ដប់ពីរលាន ប្រាំបួនសែន ប្រាំពីរម៉ឺនប្រាំមួយពាន់ពាន់រៀល)៕