ខេត្តកណ្តាល៖ រសៀលថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងដោយមានការចូលរួមពីរដ្ឋបាលស្រុកកៀនស្វាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសម្របសម្រួលបញ្ហាទំនាស់ព្រំដី នៅចំណុចក្រោយវត្តកៀនស្វាយក្រៅ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីមានសំណូមពរពីភាគីទំនាស់ព្រំដីនោះបានអញ្ជើញលោកឧត្តមសេនីយ៍ទោស្នងការ ចូលរួមពិនិត្យ និងសម្របសម្រួលភាគីទាំងសងខាងដោយសន្តិវិធី និងមានការយល់យោគ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយបញ្ចប់នូវបញ្ហាទំនាស់។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ គឺជានិច្ចកាលលោកឧត្តមសេនីយ៍ទោស្នងការ តែងតែយកចិត្តទុកដាក់ក្នុងការចុះសម្របសម្រួលជួយដល់ភាគីមានទំនាស់ និងប្រជាពលរដ្ឋដែលមានបញ្ហា៕
ដោយ៖ សិលា