ភ្នំពេញ ៖ យុវជនម្នាក់មានសតិមិនគ្រប់រអិលជើងធ្លាក់ចូលទឹកស្រះក្នុងវត្ត ខណៈដែលចុះចាប់ត្រីលេង បណ្ដាលឲ្យលិចបាត់ខ្លួនរាវរកមិនទាន់ឃើញ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅក្នុងវត្តព្រះបាមីវង្កតបូរីកបិលភ័ស្ត (ហៅវត្តទួលក្រសាំង) ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ួង សុភា (ហៅវិត)មានអាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានស្រ្តីម្នាក់ឈ្មោះ កើត សុភ័ន្ត ត្រូវជាម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថាកន្លងមកកូនរបស់គាត់តែងតែចូលមកដើរលេងនៅខាងក្នុងវត្តជាមួយនឹងក្មេងៗជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែមានប្រជាពលរដ្ឋដែលស្គាល់កូនរបស់គាត់បានប្រាប់ទៅរូបគាត់ថា កូនរបស់គាត់បានរអិលជើងធ្លាក់ចូលស្រះទឹក ក្នុងវត្តដែលមានជម្រៅប្រមាណជាង 12 ទៅ 13 ម៉ែត្រ លិចបាត់ខ្លួនបាត់ទៅហើយ ភ្លាមៗនោះបងប្រុសបង្កើតរបស់ជនរងគ្រោះ បានមកមុជទឹករាវរកសពរបស់ប្អូនរបស់គាត់អស់រយៈពេលជាង 2ទៅ3ម៉ោង តែរកមិនឃើញនោះទេ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ និងបានទាក់ទងទៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយជួយអន្តរាគមន៍ បានចុះមុជទឹករាវរកជនរងគ្រោះដើម្បីប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយនិនសុភ័ស្ត