ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា នឹង ប្រកួតដណ្ដើមខ្សែក្រ វ៉ាត់កម្រិតពិភពលោកនាខែក្រោយ

ចែករំលែក៖

     ភ្នំពេញ៖ កីឡាការិនី ជឺជិតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹង ចូល រួមកម្ម វិធីដ៏ធំ នៃការប្រកួតកីឡាជឺជិតស៊ូ ដណ្ដើមខ្សែក្រវ៉ាត់ WNO Strawweight Champion អម ជាមួយប្រាក់រង្វាន់ ៣ម៉ឺន ដុល្លារ នា ថ្ងៃ ទី ២៥-២៦ ខែ កញ្ញា ខាង មុខ នៅ លើ សង្វៀន “Who’s Number One ឬ នរណា លេខ១” នៅ សហ រដ្ឋ អាមេរិក។

នេះគឺជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់កម្រិតពិភពលោក ដ្បិត គណៈ កម្មការ រៀបចំការប្រកួត បាន សម្រិត សម្រាំង សុទ្ធ តែ ជា កីឡាការិនី ជើង ខ្លាំង លំដាប់ ពិភពលោក ចូលរួម ចំនួន ៨នាក់ លើ វិញ្ញាសា ទម្ងន់ ១១៥ផោន (ជាង ៥២គីឡូក្រាម) ក្នុងនោះក៏មានវត្តមាន កីឡាការិនី កូនកាត់ ៣ សាសន៍ កម្ពុជា-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា ផងដែរ។

ចំពោះបេក្ខភាពប្រជែងខ្សែក្រវ៉ាត់ WNO Strawweight Champion ខាង លើ រួមមាន៖

១-កីឡការិនីប្រេស៊ីល Mayssa Bastos ដែលជាកីឡាការិនីលេខ១ ពិភពលោក ប្រភេទទម្ងន់ Strawweight។ ជើងខ្លាំងរូបនេះ ធ្លាប់យកឈ្នះ ខាន់ ចេសា ២ ដង រួចមកហើយ កាលពីដើមខែមេសា និង ពាក់កណ្ដាល ខែឧសភា កន្លងទៅ (នេះបើយោងតាមរបាយការណ៍ WNO)។

២- កីឡាការិនីចិន Grace Gundrum ដែលឈរលេខរៀងទី២ កម្រិតពិភពលោក បន្ទាប់ ពី Mayssa Bastos។ នាងក៏ធ្លាប់ត្រូវបានផ្គូរផ្គងឲ្យជួប ខាន់ ចេសា លើ សង្វៀន WNO ដែរ កាលពីចុងខែមេសា តែត្រូវបានខកខានទៅវិញ បន្ទាប់ពី ចេសា ដកខ្លួន ព្រោះបញ្ហារបួស។

៣- ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងមេដាយមាស ស៊ី ហ្គេម ឆ្នាំ ២០១៩ ខាន់ ចេសា ដែលឈរចំណាត់ថ្នាក់លេខ៣ ពិភពលោក ប្រភេទ ទម្ងន់ Strawweight។

៤- កីឡាការិនីអាមេរិក Daniele Kelly ដែលមានចំណាត់ថ្នាក់លេខ៦ ពិភពលោក ប្រភេទទម្ងន់ Strawweight ប៉ុន្ដែនាងធ្លាប់ចាញ់ ខាន់ ចេសា ម្ដង រួចមកហើយ កាលពីចុងខែកុម្ភៈកន្លងទៅ។

៥- កីឡាការិនីអាមេរិក Amanda “Tubby” Alequin ឈរ ចំ ណាត់ ថ្នាក់ លេខ៣ ពិភពលោកប្រភេទទម្ងន់ Flyweigh។

៦-កីឡាការិនីអាមេរិក Jessica Crane ឈរចំណាត់ថ្នាក់លេខ៧ ពិភពលោក ប្រភេទទម្ងន់ Strawweight។

៧-កីឡាការិនីអាមេរិក Alex Nguye ឈរចំណាត់ថ្នាក់លេខ៩ ពិភពលោក ប្រភេទទម្ងន់ Strawweight និងទី៨ គឺកីឡាការិនី Tammi Musumeci របស់សហរដ្ឋអាមេរិកដូចគ្នា។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត នេះ គឺជា ការ ប្រកួត ប្រភេទទម្ងន់ស្រាល ដ៏ធំប្រចាំឆ្នាំ ដែលពោរពេញ ដោយ ការចាប់អារម្មណ៍ ព្រោះបេក្ខភាពចូលរួម សុទ្ធតែជាកីឡាការិនីជើងខ្លាំង ដែល ពួកគេ នឹងត្រូវធ្វើការប្រកួតប្រជែងរយៈពេល ២ថ្ងៃ ដើម្បីស្វែងរក ជើងខ្លាំង កីឡាការិនីជឺជិតស៊ូប្រភេទទម្ងន់ ១១៥ផោន នឹងបេក្ខភាពម្ចាស់ខ្សែក្រវ៉ាត់ WNO Strawweight Champion អមនូវប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ៕

ដោយ៖ សិលា


ចែករំលែក៖