ព័ត៌មានទាន់ហេតុការណ៍៖

សារាចរណែនាំលេខ ៣៧៣ សខល ស្តីពីវិធានការរួមចំណែកកាត់បន្ថយការរីករាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

     ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញ សារាចរណែនាំ ស្តីពី វិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនជំងឺកូវីដ-១៩ យោងតាមចំណារដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ របស់ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) និងដើម្បីរួមចំណែក ដល់ការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖

១. ស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងទីតាំងដែលមានអង្គការចាត់តាំង ត្រូវធ្វើតេស្ត ជាប្រចាំទៅលើមន្ត្រីនិងបុគ្គលិករបស់ខ្លួន ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បន្តចែកចាយ ឧបករណ៍តេស្ករហ័សក្នុងតម្លៃដើម។

២. តំបន់ដែលមានផ្ទុះជំងឺកូវីដ-១៩ ជាតំបន់បិទខ្ទប់ ត្រូវបានកំណត់ធ្វើការវាយតម្លៃលើប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និងធ្វើតេស្តរហ័ស ឬធ្វើតេស្ត PCRស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល។
៣.កន្លែងយកសំណាកសាធារណៈដោយមន្ត្រីសុខាភិបាលមូលដ្ឋាន ឬក្រុមអ្នកស្ម័គ្រចិត្ត សម្រាប់ ប្រជាពលរដ្ឋមិនមានលទ្ធភាពទិញឧបករណ៍តេស្តរហ័ស ត្រូវរៀបចំនៅតាមស្រុក ខណ្ឌ ឬឃុំ សង្កាត់។

៤. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្តរហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមាន ភាពសម្បូរនិងបន្សំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មក ក្រសួងនឹងផ្ទេរការងារនេះឱ្យទៅអង្គភាពណា មួយទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប។

៥. មន្ទីរពេទ្យឯកជននិងគ្លីនិកទាំងអស់ ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាប សមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។
៦. ឱសថស្ថាននិងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋ មានលទ្ធភាពទិញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ដោយក្រុមការងារ សិក្សា និងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

៧.មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័សផ្ដល់ជូនដោយ ក្រសួងសុខាភិបាល។ សមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រងនិងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បី ទប់ស្កាត់កុំឱ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។
ទទួលបានសារាចរណែនាំនេះ ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តផ្សព្វផ្សាយ និងតាមដានការអនុវត្តសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោយស្មារតីទទួល ខុសត្រូវខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖