អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះផ្សាយថា៖ ករណីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារខេត្តណាហ្គាសាគី (Nagasaki) ភាគខាងលិចប្រទេសជប៉ុន បង្កជាគ្រោះរអិលបាក់ដី ដែលសង្កត់លើលំនៅឋាន២ខ្នង បណ្ដាលឱ្យស្រ្តីម្នាក់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀតបាត់ខ្លួន កាលពីព្រឹកថ្ងៃសៅរ៍នេះដែរ។ មិនតែប៉ុណ្ណោះ នៅតាមផ្នែកជាច្រើននៃប្រទេសមួយនេះ ទទួលរងទឹកភ្លៀងក្នុងកម្រិតខ្ពស់ខ្លាំង។
ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា ភ្លាមៗ រដ្ឋាភិបាលជប៉ុន បានសម្រេចពង្រីកនូវការប្រកាសអាសន្នកម្រិតខ្ពស់របស់ខ្លួន ឱ្យគ្របដណ្តប់លើមនុស្សជាង១លាននាក់។ នៅតំបន់មួយនោះ បានកត់ត្រាទឹកភ្លៀងកម្រិត៤០៩មីលីម៉ែត្រ ក្នុងរយៈពេល៧២ម៉ោង គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះផងដែរ។
ដោយឡែកយោងតាមរយៈឃ្លីបវីដេអូមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយនៅជប៉ុន បានបង្ហាញថា៖ ទឹកទន្លេបានជន់លិចនៅតំបន់ខ្លះ នៃខេត្តហីរ៉ូស៉ីម៉ា (Hiroshima) និងឡើងខ្ពស់ខ្លាំង នៅតំបន់ផ្សេងទៀតនៃភាគខាងលិចប្រទេសជប៉ុន។
សូមជម្រាបថា ឥឡូវការធ្លាក់ភ្លៀងខ្លាំង បានចល័តទៅតំបន់កណ្តាលនៃកោះធំ ហុនស៊ូ (Honshu) របស់ជប៉ុន ខណៈទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថា ភ្លៀងទំនងជានឹងនៅតែបន្តធ្លាក់ខ្លាំងលើប្រទេសនេះ សម្រាប់រយៈពេលប្រហែល១សប្តាហ៍។
គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា៖ ប្រជាជនជប៉ុនរាប់ម៉ឺននាក់ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសទៅរកទីកន្លែងសុវត្ថិភាព ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុកបាននិងកំពុងវាយប្រហារ ខេត្តស្ថិតនៅភាគខាងលិចប្រទេស បានក្លាយជាគ្រោះទឹកជំនន់ និងបង្កឱ្យមានការបាក់ដីបន្ថែមទៀត៕
ដោយ៖ស តារា