ភ្នំពេញ៖ សូមបញ្ជាក់ថា គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដឹកនាំកម្លាំងចម្រុះ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៥ នាក់ ដែលប្រមូលផ្ដុំគ្នាលេងបាល់ នៅខាងក្រោយបុរី ១០០ខ្នង កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ។ ភ្លាមៗនោះ សមត្ថកិច្ចឃាត់ខ្លួនបានចំនួន ២៥នាក់ មានស្រី២នាក់ និងចាប់យកម៉ូតូ ចំនួន២១គ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”តាមទូរស័ព្ទថា, ក្រុមជនសង្ស័យដែលបានឃាត់ខ្លួនទាំង ២៥នាក់នោះ ត្រូវបានពិន័យរដ្ឋបាល ទៅតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ បង់ពិន័យចំពោះអ្នកដែលបានប្រមូលផ្ដុំគ្នាហើយលេងបាល់ ក្នុងមួយនាក់បង់ ២លានរៀល,ដោយឡែកចំពោះម្ចាស់ទីតាំងដែលផ្ដល់មធ្យោបាយឲ្យគេចូលលេងទាំងបំពានវិធានរដ្ឋបាល ត្រូវបង់ពិន័យជាប្រាក់ចំនួន ៥លានរៀល ។ រួចហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ជាមួយនឹងការធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពដែលត្រូវបានហាមឃាត់ដោយអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ។សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល តម្រូវឲ្យអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីការពារការឆ្លងជំងឺ covid-19។
ដូច្នេះប្រតិបត្តិការឃាត់ខ្លួនបុគ្គលដែលបំពាននិងវិធានរដ្ឋបាល ដោយគណៈបញ្ជាការឯកភាពរបស់ខណ្ឌនីមួយៗ គឺជាការចូលរួមជាមួយក្រសួងសុខាភិបាល , រដ្ឋបាលរាជធានីភ្នំពេញ, ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាលដាល នឹងឆ្លងជំងឺ covid-19៕
ដោយ៖ រ៉ារ៉ា