ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់រឿងដាក់ទ្រូ យកអាវុធកែច្នៃចូលក្នុងផ្ទះគេបម្រុងសងគំនុំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖  ជនសង្ស័យម្នាក់ រួមនឹងអាវុធកែច្នៃមួយដើមត្រូវសមត្ថកិច្ច​នគ​របាល ស្រុក​សាមគ្គី​មានជ័យឃាត់ខ្លួនបញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន នគ​បាល ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ពាក់ព័ន្ធករណី​ប៉ុនប៉ងមនុស្សឃាត និង​ប្រើប្រាស់​អាវុធ​កកែច្នៃខុសច្បាប់កាលពីរសៀលថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ នៅភូមិ​ស្រែ​ឫស្សី ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផាន់ ផេង អាយុប្រមាណ​ជា ៤០ ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។ជនសង្ស័យរូបនេះត្រូវឃាត់ខ្លួនពាក់ព័ន្ធ​ករណី ប្រើប្រាស់​អាវុធ​កែច្នៃ ខុសច្បាប់ និង​ប៉ុនប៉ង​ធ្វើឃាត ទៅលើ​ឈ្មោះ ញ៉ា​ញ់ វី ដែលជា​អ្នកសារព័ត៌មាន រស់នៅ​ភូមិ ឃុំ ជាមួយគ្នា កាលពីវេលា​ម៉ោង ៧​និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១កន្លងទៅ។

សាក្សីបានឲ្យដឹងថា ក្នុងម៉ោងកើតហេតុឈ្មោះ ផាន់ ផេង បាន​ចូល​ទៅដល់​ក្នុង​បរិវេណ​ផ្ទះ ឈ្មោះ ញា​ញ់ វី ដោយនៅ​ដៃ មាន​កាន់​ដែកឆាប ចុង​ស្រួច១  ដាវសាមូរ៉ៃ១ដើមនិង កាំភ្លើង​ច្នៃ១ដើម បម្រុង​វាយ​បាញ់សម្លាប់ ឈ្មោះ ញា​ញ់ វី ដែលកំពុង​ដេក​លង់លក់ ក្នុងផ្ទះ​របស់ខ្លួន ។ ក៏ប៉ុន្តែ​នៅពេលនោះ បងប្អូន​របស់​ឈ្មោះ ញា​ញ់ វី បាន​ជួយ​ឃាត់​ទាន់ រួចហើយ ក៏បាន​រាយការណ៍ ទៅ​មេភូមិ និង​ប្រជា​ការពារ ឱ្យជួយធ្វើអន្តរាគមន៍​។ លុះ​ព្រឹក​ថ្ងៃទី​១៤ សីហា ជនរងគ្រោះ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ។​

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយ​ទទួល​បណ្តឹង​រួចហើយ សមត្ថកិច្ច មិនទាន់បាន​ចាត់ការ​ផង ស្រាប់តែ​នៅវេលា​ព្រលប់ ថ្ងៃទី​១៤ សីហា ឈ្មោះ ផាន់ ផេង និង​បក្ខពួក ប្រដាប់​ដោយ​ដាវសាំមូរ៉ៃ កាំភ្លើង​កែច្នៃនិង​ដែកឆាប ចុង​ស្រួច បាន​ទៅ​ជេរ និង​ប៉ុនប៉ង​សម្លាប់ ឈ្មោះ ញា​ញ់ វី ម្តងទៀត ទើប​ត្រូវបាន​ប្រជាពលរដ្ឋ អ្នកជិតខាង ជួយ​អន្តរាគមន៍ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះមក​ដេញចាប់ ឃាត់ខ្លួន​បាន​ជនសង្ស័យ ខាងលើ រួមជាមួយ​វត្ថុតាង បញ្ជូន​ខ្លួន មក​អធិការដ្ឋាន​ស្រុក​តែម្តង​។​

​ជជនរងគ្រោះ បានបញ្ជាក់​ថា លោក និង​ជនបង្ក ធ្លាប់មាន​ទំនាស់​រឿង ដាក់​ទ្រូ នេសាទ​ត្រី និង​ទំនាស់​ផ្លូវចេញចូល​ដី ទើបជននេះចងគំនុំ រករឿង​ហេតុ​រហូតមក ហើយ​ម្យ៉ាង ជនបង្ក តែងតែ​ផឹក ស្រា​ស្រវឹង ប្រើ​ហិង្សាក្នុងគ្រួសារទៀតផង៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖