ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជិត១០០នាក់ដោយសារការវាយប្រហារនៅ ប្រទេសBurkina Faso ប្រធានាធិបតីប្រកាសកាន់ទុក្ខ៣ថ្ងៃទូទាំងប្រទេស

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៤៧នាក់ស្លាប់ ក្នុងនោះមានពលរដ្ឋស្លូតត្រង់៣០នាក់ និងទាហាន ១៧នាក់ ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសBurkina Faso កាលពីថ្ងៃទី១៨ខែសីហា ។
ខ្មាន់កាំភ្លើងក្រុមភេរវកម្មបានបើកការវាយប្រហារទៅលើក្បួនរថយន្ត ដែលមានការអមការពារពីកម្លាំងទាហាននៅក្នុងខេត្ត Seno ស្ថិតនៅភាគខាងជើង Burkina Faso ដែលជាតំបន់ត្រីកោណ ជាប់ព្រំដែនប្រទេសម៉ាលី និងនីហ្សេ (Niger) ។
ក្រៅពីអ្នកស្លាប់ ៤៧នាក់ នៅមានមនុស្ស១៩នាក់ផ្សេងទៀតរងរបួស ។ ក្រោយការវាយប្រហារ កម្លាំងទាហានរដ្ឋាភិបាលបានវាយបកទៅលើទីតាំងក្រុមភេរវកម្មដោយសម្លាប់ក្រុមភេរវករ៥៨នាក់ផងដែរ។
នេះជាការវាយប្រហារបង្ហូរឈាមទ្រង់ទ្រាយធំទី៣នៅក្នុងប្រទេសនេះ បង្កឡើងដោយក្រុមភេរវកម្ម សំដៅទៅលើទាហាន Burkina Faso ។ នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៤ខែសីហា ក៏បានសម្លាប់មនុស្ស ៣០នាក់ផងដែរ ។
ប្រធានាធិបតី Burkina Faso បានប្រកាសកាន់ទុក្ខទូទាំងប្រទេស រយៈពេល៣ថ្ងៃ ដល់ជនរងគ្រោះនៅក្នុងការវាយប្រហារភេរវកម្មខាងលើ៕ ដោយ៖ធីរីណា

រូបថត៖ FT

រូបថត៖TTXVN 


ចែករំលែក៖