ភ្នំពេញ, នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា, សង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាលដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង។ សម្តេចបន្តថា, ជនរួមជាតិរាប់លាននាក់បានបាត់បង់ជីវិត មនុស្សជាច្រើនផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីមាតុភូមិកំណើត ព្រាត់ប្រាស់គ្រួសារ ប្រឈមនឹងភាពអត់ឃ្លាន និងរងនូវទុក្ខវេទនាគ្រប់បែបយ៉ាង។ ទំហំនៃការឈឺចាប់នេះ ប្រហែលជាគ្មានអ្នកណាអាចយល់បានទេ ក្រៅពីអ្នកដែលធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ដ៏អាក្រក់បែបនេះ។ យើងសង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសទាំងនោះ អាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់ អាចរស់នៅប្រកបដោយសុខសន្តិភាព។សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ទៀតថា, សូមកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងពេញទំហឹង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការចូលរួមរបស់បងប្អូន គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងបេសកកម្មសង្គ្រោះជាតិពីមេរោគដ៏កាចសាហាវនេះ៕
ដោយ៖ សិលា