ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូបុកពីចំហៀងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លេីវិថីក្រុង ត្រង់ចំណុចមុខគ្លីនិកពេទ្យធ្មេញ ចេវ សំអាន(ចំណោតរ៉ា) ក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ បណ្តាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានឱ្យដឹងជាបឋមថា ភាគីរថយន្ត ម៉ាក COROLLA  ពាក់ស្លាក លេខ ព្រះសីហនុ 2B-6797 មានទិសដៅពីជើងទៅត្បូង បើកបរដោយបុរសជនជាតិខ្មែរម្នាក់។ លុះបើកមកដល់ចំណុចកើតហេតុអ្នកបើករថយន្តបានធ្វើការផ្លាស់ប្តូរទិសដោយបត់ត្រឡប់ក្រោយ ក៏ត្រូវបានម៉ូតូ១គ្រឿង ម៉ាកEXITER  គ្មានស្លាកលេខបើកក្នុងទិសដៅស្របគ្នាមកដល់ក៏បុកជាមួយនឹងរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូដែលតាមសាច់ញាតិប្រាប់សមត្ថកិច្ចថា ឈ្មោះ ជា ជិ ភេទប្រុស អាយុ២៦ឆ្នាំ  ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ របួសធ្ងន់ ហើយក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តនាំមកសាកសួរឈ្មោះ សាវតារ  និងយកវត្ថុតាង រថយន្តនិងម៉ូតូមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយបន្តតាមនីតិវិធីច្យាប់ ៕

ដោយ៖ ឆ្លាមសមុទ្រ

 


ចែករំលែក៖