ភ្នំពេញ៖ ថ្លែងក្នុងឱកាសចែកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋ ខ្វះខាត ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចូល រួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់ ផងដែរនោះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានសំណូមពរឲ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះមិនមែនជាចៅហ្វាយនាយប្រជា ពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ បើមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយ ទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។
នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯ,ឧ ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោល គឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការ លំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។
លោកប្រធានអនុសាខា ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខា ភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មី ដែលតា ដែលកំពុងតែចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញយើងនេះ ។
លោកអភិបាលខណ្ឌ ក៏អំពាវនាវដល់បងប្អូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ គោរព និងអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយអាជ្ញាធរ នឹងអនុវត្តតាម ច្បាប់ មិនមានការណែរនាំទៀតឡើយ ។
អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស់និងថវិកាមួយចំនួនផងដែរ ៕
ដោយ៖ ជីណា