ព័ត៌មានទាន់ហេតុការណ៍៖

លោក អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ទប់ស្កាត់ហានិភ័យគ្រោះមហន្ដរាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នេះ លោក អុឹង គឹមលាង  អភិបាលរងខេត្តពោធិ៍សាត់ ដំណាងដ៏ខ្ពង់ខ្ពស លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីក្នុងការបើកវគ្គបណ្ដុះបណ្ដាលបញ្ហាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ។

 ក្នុងវគ្គបណ្តុះបណ្តាលស្ដីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកំណត់រកសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយកម្រិតឃុំនាពេលខាងលើ លោក អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់មានប្រសាសន៍ថា មានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ លោក លោកស្រី ដែលបានអញ្ជេីញចូលរួម និងបានចំណាយពេលវេលាដ៏មានតម្លៃ ដេីម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលកម្រិតឃុំដ៏មានសារៈសំខាន់នាពេលនេះ ។ 

 លោក បន្តថា ដោយមានកិច្ចសហការ និងការគាំទ្រពីអង្គការ«WFP» និង «NCDD» រដ្ឋបាលខេត្តពោធិ៍សាត់ បានទទួលការអនវត្តគម្រោងនេះចំនួន២ស្រុក (ស្រុកកណ្តៀង និងស្រុកបាកាន)ដែលមានឃុំគោលដៅចំនួន៦ឃុំ(ឃុំបឹងបត់កណ្តោល ឃុំអូរតាប៉ោង ឃុំស្នាមព្រះ ឃុំអន្លង់វិល ឃុំស្រែស្តុក និងឃុំកញ្ជរ)ដែលទទួលបានការគាំទ្រពីគម្រោងរបស់អង្គការ«WFT»និងមានថវិកាប្រមាណ ៦៥.០០០ដុល្លារអាមេរិកក្នុង១ឃុំ ។

ដេីម្បីអនុវត្តគម្រោងនេះទទួលបានភាពជោគជ័យ សូមមន្រ្តីឃុំ និងក្រុមការងារទាំងអស់ដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកក្នុងការក្រេបយកចំណេះដឹង ដេីម្បីបន្តទៅអនុវត្តគម្រោងតាមឃុំនីមួយៗឱ្យបានចំគោលដៅនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទឹកជំនន់ និងការស្តារឡេីងវិញនូវសន្តិសុខស្បៀងសហគមន៍មូលដ្ឋានពិតប្រាកដ និងជានិរន្ត ចៀសវាងគម្រោងចប់ សមិទ្ធផលចប់ទៅតាមគម្រោង ។ 

លោក បន្តទៀតថា ដេីម្បីគាំទ្រ និងជម្រុញការអនុវត្តកិច្ចដំណេីរការក្នុងការអនុវត្តគម្រោងនេះបានជោគជ័យ ក្នុងនាមខ្ញុំបាទជាប្រធានក្រុមការងារគាំទ្រគម្រោងថ្នាក់ខេត្ត ខ្ញុំសូមគាំទ្រ និងជម្រុញការអនុវត្តគម្រោងនេះឱ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក និងមានប្រសិទ្ធភាពខ្ពស់ក្នុងជួយអភិវឌ្ឍមូលដ្ឋាន សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖