ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្រ្កាបឧបករណ៍ចាប់ត្រី នៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រី ប្រភេទ(របាំងស្បៃមុង និងរបាំងសាច់អួន)ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង ។

ប្រតិបត្តិការសមត្ថកិច្ចសហការបង្រ្កាបឧបករណ៍ចាប់ត្រីខាងលើ ធ្វើឡើងនៅថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។

សេចក្តីរាយការណ៍ពីកម្លាំងសហការបង្ហើបថា ការចុះពិនិត្យ និងបង្រ្កាបបទល្មើសនេះ ចាប់ពីម្ដុំឃុំកំពង់លួងរហូតដល់ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ លទ្ធផលៈ របាំងសាច់អួនចំនួន៤០ខ្សែ ស្មើនឹងប្រវែងចំនួន១៣.០០០ម៉ែត្រ ក្បាលបរចំនួន១២គ្រឿង បង្គោលចំរុឹងចំនួន១២.០០០ដើម និងចាក់លែងត្រីចំរុះទម្ងន់ចំនួន២០គីឡូក្រាម ។

ប្រភពបន្តថា ចំណែកនៅចំណុចក្រឡុកអន្ទង់វល្លិ៍ ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងឯណុះ លទ្ធផលៈ របាំងសាច់អួន និងរបាំងស្បៃមុងចំនួន៨ខ្សែ ស្មើនឹងប្រវែងចំនួន១.៥៥០ ក្បាលបរចំនួន៦គ្រឿង លូកងស្បៃមុងចំនួន៦មាត់ បង្គោលចំរុឹងចំនួន៦២០ដើម និងចាក់លែងត្រីចំរុះទម្ងន់ចំនួន៤០គីឡូក្រាមផងដែរ ។

សេចក្តីរាយការណ៍បន្តទៀតថា ដោយឡែកៈ នៅចំណុចទឹកពុះ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកានឯនេះវិញ លទ្ធផលៈ របាំងស្បៃមុងចំនួន៤ខ្សែ ស្មើនឹងប្រវែងចំនួន៦៨០ម៉ែត្រ លូកងស្បៃមុងចំនួន៨មាត់ បង្គោលចំរុឹងចំនួន៤៥០ដើម និងចាក់លែងត្រីចំរុះទម្ងន់ចំនួន២៥គីឡូក្រាមថែមទៀត ចំពោះឧបករណ៍ចាប់ត្រីដែលជាវត្ថុតាងទាងអស់ រុះរើបំផ្លាញចោល ។

បញ្ហាបទល្មើសនេសាទខាងលើ បើយោងតាមប្រភពរាយការណ៍ពីប្រជានេសាទជាលក្ខណៈគ្រួសារ ឧបករណ៍ចាប់ត្រីប្រភេទខាងលើនេះ បើទោះជាសមត្ថកិច្ចខំប្រឹងបង្រ្កាបយ៉ាងណាក៏មិនរលួសដែរ ព្រោះក្រុមជនប្រព្រឹត្តទ្រង់ទ្រាយធំៗដូចឡូត៍នេសាទ គឺពួកគេដឹងច្បាស់អំពីសមត្ថកិច្ចចុះ រួចហើយគេប្រញ៉ាប់ប្រញ៉ាលនាំគ្នាទៅកាត់តំរឹមបង្គោល និងស្រាយខ្សែពន្លេចទឹកសាច់អួនទៅបាត់ដីអស់ទៅហើយ លើកលែងតែធ្វើមិនទាន់ឬរបាំងនោះសាច់អួនចាស់ៗទុកឲ្យបង្រ្កាប ខ្លះៗ កុំឲ្យសមត្ថកិច្ចចុះមកបង្រ្កាបបែជាគ្មានបទល្មើស ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖