ព័ត៌មានទាន់ហេតុការណ៍៖

នៅល្ងាចថ្ងៃទី២៣ ខែសីហានេះរដ្ឋបាលខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៣នាក់ ក្នុងនោះរកឃើញវិជ្ជមានDelta ចំនួន៤នាក់ និងបន្តបិទខ្ទប់ក្រុងដដែល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលសាលាខេត្តនៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៣នាក់ ស្រី៧នាក់ ក្នុងនោះប្រភេទជំងឺដែលតាបំប្លែងថ្មី៤នាក់ ស្រី៣នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ និងនៅបន្តបិទខ្ទប់ក្រុងស្ទឹងត្រែងដដែល។ ការរកឃើញវិជ្ជមានកូវីដ-១៩ និងជំងឺDeltaប្រភេទថ្មី គឺក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ហើយត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែសីហានេះ ដោយហេតុនៅតែបន្តរកឃើញវិជ្ជមានកូវីដ-១៩ និងប្រភេទវិជ្ជមានDeltaប្រភេទថ្មីនេះនៅតែមាន។ ដូច្នេះរដ្ឋបាលសាលាខេត្តស្ទឹងត្រែង បន្តបិទខ្ទប់ក្រុងស្ទឹងត្រែងរយៈពេល៧ថ្ងៃបន្តទៀត ដើម្បីងាយស្រួលស្រាវជ្រាវ ទប់ស្កាត់ និងតាមដានការរីករាលដាលរកមេរោគវិជ្ជមានកូវីដ-១៩ និងប្រភេទDelta បំប្លែងថ្មី ឆ្លងចូលក្នុងសហគមន៍។ ទោះបីក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ចូលរៀនវិញនៅថ្ងៃទី២៥ខែសីហាខាងមុខនេះ ដើម្បីត្រៀមប្រឡងយកសញ្ញាប័ត្របឋមភូមិ និងទុតិយភូមិខាងមុខនេះក្តី ក៏យើងត្រូវតែប្រុងប្រយ័ត្ននិងត្រូវតែអនុវត្តវិធានការ ៣កុំ ៣ការពារឱ្យបានយ៉ាងខ្ជួនខ្ជួនដែរ។

ក្នុងនោះផងដែរលោកម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យសាលាខេត្ត បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើងតាមរយ: Telegram នៅល្ងាចថ្ងៃទី២៣ខែសីហានេះថា: ការបិទខ្ទប់ក្រុងនៅបន្តដដែល ដោយហេតុការធ្វើតេស្តរហ័ស ពីក្រុមគ្រូពេទ្យជំនាញ បានបន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់ ស្រី៧នាក់ ក្នុងព្រឹត្តិការណ៍២០កុម្ភ: និងវិជ្ជមានប្រភេទដែលតា (Delta) បំប្លែងថ្មីថ្ងៃនេះ ៤នាក់បន្តទៀត ក្នុងនោះមានស្រី៣នាក់ តាមរយៈក្រុមគ្រូពេទ្យជំនាញចល័តប្រតិកម្មរហ័ស ដើម្បីងាយស្រួលក្រុមគ្រូពេទ្យធ្វើការស្រាវជ្រាវរកមេរោគដ៏កាចសាហាវនេះកុំឲ្យបន្តឆ្លងក្នុងសហគមន៍ទៀត។

លោកនាយករងរដ្ឋបាលសាលាខេត្តបន្តថា: ក្នុងការបិទខ្ទប់នេះវាលំបាកក្នុងការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស ថ្នាក់ទី០៩ និងទី១២ ដែលត្រូវបើកឲ្យចូលរៀនវិញនៅថ្ងៃទី២៥ ខែសីហាខាងមុខនេះតាមកាលវិភាគ របស់ក្រសួងអប់រំយុវជនិងកីឡាបានកំណត់។ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: យើងត្រូវរក្សាគម្លាត ក្នុងថ្នាក់រៀន និងអនាម័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារជាប្រចាំ។  លោកបញ្ជាក់ទៀតថា ក្នុងការលើកលែងឬកែប្រែយ៉ាងណានោះវាអាស្រ័យទៅលើលោកអភិបាលនៃគណៈអភិបាលខេត្ត ស្នើសុំទៅក្រសួងអប់រំ យុវជននិងកីឡាជាមុនសិនទើបសម្រេចបាន។ 

ក្នុងរបាយការណ៍រដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានបង្ហាញអត្តសញ្ញាណអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ សរុបគិតត្រឹមថ្ងៃ២២ និងថ្ងៃ២៣ ខែសីហា ឆ្នាំ២០២១នេះ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប៨៨៩នាក់ ស្រី៤៣៩នាក់ ក្នុងនោះរកឃើញប្រភេទDelta សរុប២៨នាក់ ស្រី១៦នាក់, ជាសះស្បើយសរុបចំនួន៥២៧នាក់ ស្រី២៣៦នាក់, កំពុងសម្រាកព្យាបាល៣៥៥នាក់ ស្រី២០១នាក់ និងករណីស្លាប់ដោយសារវិជ្ជមានកូវីដ-១៩ ០៧នាក់ ស្រី០២នាក់ ក្នុងនោះក្រុមគ្រូពេទ្យក៏បានព្យាបាលវិជ្ជមានកូវីដ-១៩ ប្រភេទថ្មីDelta ជាសះស្បើយចំនួន០២នាក់ផងដែរ។ រដ្ឋបាលសាលាខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកពាក់ព័ន្ធ ជាមួយអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ ខាងលើត្រូវប្រញាប់មកយកសំណាកធ្វើតេស្តរកវិជ្ជមានកូវីដ-១៩ ដើម្បីបញ្ចប់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ឬតាមរយៈលេខទូរស័ព្ទ៤ប្រព័ន្ធ 088636 3689.088877 8000.ឬ017 778000.097263 0564 ដើម្បីយកសំណាកមកវិភាគ។ សូមរក្សានូវគម្លាតសុវត្ថិភាព និងអនុវត្តទៅតាមវិធានការក្រសួងសុខាភិបាល ៣កុំ និង៣ការពារ៕

                           

ដោយ៖ មាស សុផាត


ចែករំលែក៖