ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ ពលរដ្ឋ​រស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នាំទាំងគ្រួសារចិញ្ចឹមទាចល័តឆ្លងខេត្ត ដើម្បីផលិតពង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ ការចិញ្ចឹមទាហ្វូងដើម្បីផលិតពង ចាប់ផ្តើមពេញនិយមនៅទសវត្សរ៍ចុងក្រោយនេះ ចាប់ផ្តើមពីខេត្តនៅជាប់ព្រំប្រទល់ដូចជា កំពត តាកែវ ព្រៃវែង ស្វាយរៀង ។ល។ តែបច្ចុប្បន្នរបៀបនៃការចិញ្ចឹមទានេះ ត្រូវបានយកទៅអនុវត្តនៅខេត្តជុំវិញបឹងទន្លេសាប ដោយសារភាពសម្បូរបែបទាំងចំណី អាហារធម្មជាតិ រួមមាន ខ្យងក្តាមតូចៗ កំពិស និងការធ្វើស្រែច្រើនដងក្នុងមួយឆ្នាំ របស់ប្រជាសហគមន៍នៅទីនោះ។ 

មិនតែប៉ុណ្ណោះ​ ការចិញ្ចឹមទាជាលក្ខណៈធម្មជាតិ រួមផ្សំជាមួយ ការបន្ថែមចំណីនៅពេលល្ងាច ធ្វើឱ្យមេទា ពងបានច្រើន ហើយពងទាក៏មានពណ៌​ក្រហម​ឆ្អៅ និងមានរស់ជាតិឆ្ងុយឆ្ងាញ់ ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិ​ជនទូទៅ។

ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ ការចំណាយលើការចិញ្ចឹមមេទាពង ជាទូទៅមានរហូតដល់ទៅ ៧០% នៃការចំណាយ​សរុប តែក្នុងករណីដែល​ពូចយ ដឹកជញ្ជូនមេទារបស់គាត់ឆ្លងខេត្ត ទៅតាម​ទីតាំងដែលសម្បូរធនធានធម្មជាតិ និងទីតាំងដែលទើបតែប្រមូលផលស្រូវ គាត់អាចកាត់បន្ថយការចំណាយលើចំណីមេទា រហូតដល់ ៥០% ដែលធ្វើឱ្យគាត់បំណេញ​ច្រើន ហើយពងទាក៏មានគុណភាពខ្ពស់ និងងាយស្រួលលក់ទៀតផង។ 

ទន្ទឹមនេះ​ម្ចាស់ស្រែក៏សប្បាយចិត្តផងដែរ ព្រោះមេទា​ស៊ីពពួកសត្វល្អិតបំផ្លាញស្រូវ ជាពិសេស​ពពួកខ្យងពងក្រហម ហើយក៏ទទួលបាន​ជីពីលាមកទា ទៅក្នុងស្រែរបស់គាត់​ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖