ខេត្តរតនគិរី៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកូនមុំ បានឃាត់ខ្លួនបុរសជាឪពុកចុងម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីចុង នៅស្រុកកូនមុំ។ បុរសជាឪពុកចុង មានឈ្មោះ ប៊ុន គ្រី ហៅគុណ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីចុងរបស់ខ្លួន។
ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីគ្រួសារ សាច់ញាតិក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ខែកញ្ញានេះតែម្ដង នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំ។
ជនរងគ្រោះ អាយុ១២ឆ្នាំ ជាសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមបណ្ដឹងជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពេលថ្ងៃត្រង់នៅលើផ្ទះរបស់ខ្លួនបុរសជាឪពុកចុងបានចាប់រំលោភសេពសន្ទវៈ ០១លើកបានសម្រេច ។ លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈ ០១លេីកទៀត តែមិនបានសម្រេចដោយជនរងគ្រោះបានរើបម្រះរួចខ្លួន ហើយបានរត់ទៅរកម្ដាយរបស់ខ្លួន ហើយរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ទើបម្ដាយមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអាធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាការ ដេីម្បីចាត់វិធានការទៅតាមនីតិវិធី៕
ដោយ៖ សូរិយា