ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សម្តេចក្រឡាហោម    ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នេះ។

ហ្វេសប៊ុកសម្តេចក្រឡាហោម    ខេង​ នឹងមានការផ្សាយផ្ទាល់នៃពិធីនេះផងដែរ។

សូមបញ្ជាក់ថា លោក ម៉ុម សារឿន អតីតអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវបានទៅកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយជំនួសដោយលោក ស្វាយ សំអ៊ាង ដែលអតីតជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី មកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែង។

សូមជម្រាបជូនថា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប ក្នុងនោះទៅកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប។  យោងតាមព្រះរាជក្រឹត្យដែលអង្គភាព«នគរដ្រេហ្គននិងកាសែតនគរវត្ត» ទទួលបាន នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងថា ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧ និងទៅជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប។

អភិបាលខេត្តចំនួន ៧ ដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរ រួមមាន៖

  ទី១-លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

  ទី២-លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង

  ទី៣-លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី

  ទី៤- លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត

  ទី៥-លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់

  ទី៦-លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង

  ទី៧-លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ

  ទី៨-លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី

សូមជម្រាបថា៖ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលសព្វព្រះរាជហឫទ័យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប ក្នុងនោះទៅកាន់តំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប ៕

                                     

ដោយ ៖ សិលា


ចែករំលែក៖