ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន០៣នាក់បានស្លាប់ដោយករណីលង់ទឹកដាច់ដោយឡែកពីគ្នា៣ករណីនៅថ្ងៃទី០៣ខែតុលាឆ្នាំ ២០២១។
នគរបាលប្រាប់ឱ្យដឹងថា ករណីទី០១នៅស្រុកមង្គលបូរី ,ករណីទី០២នៅក្រុងប៉ោយប៉ែតនិងករណីទី០៣នៅស្រុកភ្នំស្រុក ។
នគរបាលស្រុកមង្គលបូរីប្រាប់ថា ករណីទី០១កើតឡើងនៅវេលាម៉ោង០៤និង២៤នាទីល្ងាចថ្ងៃទី០៣ ខែតុលាឆ្នាំ២០២១ មានក្មេងស្រីម្នាក់ឈ្មោះ ធា ស្រីលិ អាយុ១១ឆ្នាំ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ។មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នា ទៅលេងទឹកប្រឡាយដែលមានជម្រៅជ្រៅ ខាងកើតភូមិចម្ងាយពីភូមិ១០០០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។
ករណីទី០២ នៅក្រុងប៉ោយប៉ែត តាមការឲ្យដឹងពីនគរបាល នៅវេលាម៉ោង០៤និង២០នាទីល្ងាច ថ្ងៃទី០៣ខែតុលា ឆ្នាំ២០២១ មានបុរ០១នាក់ ឈ្មោះសុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។មុនពេលកើតហេតុជនរងគ្រោះ បានបើកទូកទៅនេសាទត្រីនៅក្នុងតំបន់បឹងអូខៃដន ពីរនាក់កូនប្រុស អាយុ១៣ឆ្នាំ ខណៈនោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឲ្យបុរសជាឪពុកបានធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង ។បន្ទាប់មកកម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែត ចំនួន ១០ នាក់ បានរុករកជាច្រើនម៉ោងទើបប្រទះឃើញសព ។
ចំណែកករណីទី០៣ នៅស្រុកភ្នំស្រុក តាមការឲ្យដឹងពីនគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង០៦និង៤០នាទីព្រលប់ថ្ងៃទី០៣ខែតុលាឆ្នាំ២០២១ដែរ មានបុរសម្នាក់ឈ្មោះ អឿន រិន ហៅម៉ាប់ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិ កន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ចំងាយ១,៣០០ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ។មុនពេលកើតហេតុ តាមការឲ្យដឹងពីអ្នកទៅដាក់បង្កៃជាមួយគ្នាប្រាប់ថា ក្រោយពីបុរសរងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃ នៅខាងមុខលូស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងលូទឹកកំពុងហូរខ្លាំងនិងបានស្រែកឲ្យជួយតែជួយមិនទាន់ដោយសារតែទឹកហូរខ្លាំង ហើយជនរងគ្រោះបានរសាត់ទៅចូលក្នុងចរវ៉ដាក់ត្រី បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់មកក៏នាំគ្នាយកកន្ត្រៃមកកាត់ចរវ៉អូសមកលើគោក តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។ករណីជនរងគ្រោះស្លាប់ទាំង០៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកោលសល្យវិច័យរួចឃើញថាជាករណីលង់ទឹកស្លាប់ពិតប្រាកដ បានប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វណ្ណា