ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៥នាក់របួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាខណៈម៉ូតូហុងដាសេ១២៥ បត់ត្រឡប់ក្រោយខ្វះប្រុងប្រយ័ត្ន។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលចរាចរណ៍ចុះមកធ្វើអន្តរាគមន៍ដឹកភាគីរងរបួសទាំងសងខាងទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣១និង១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថា ភាគីបើកម៉ូតូបង្កហេតុមានឈ្មោះទេព សុភា ភេទ ប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់និងអ្នករួមដំណើរឈ្មោះពេញ ដានី ភេទ ស្រី អាយុ២៥ ឆ្នាំ មុខរបរកម្មកររោងចក្រនិងឈ្មោះហ៊ុយ សុវណ្ណារិទ្ធ ភេទប្រុស អាយុ០៤ឆ្នាំ មានទីលំនៅភូមិគ្រញូង ឃុំ រមាំងថ្កោល ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D- ៣៦០២។

ចំណែកភាគីរងគ្រោះមានឈ្មោះ ទិត្យ ម៉ាលីនីត ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ វង់ ដារ៉ាវុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រសូត្រ ឃុំកណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១D- ៣៦០២បើកលើផ្លូវជាតិលេខ១ក្នុងទិសដៅ​ពីលិចទៅកើត ហើយក៏បានបត់ម៉ូតូត្រឡប់ក្រោយខ្វះប្រុងប្រយ័ត្ន ធ្វើឱ្យម៉ូតូម៉ាក Exciter  ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ដែលបើកក្នុងទិសដៅ

ពីលិចទៅកើតស្របទិសគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចចរាចរណ៍មកដល់ធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង និងបញ្ជូនអ្នករងរបួសទាំងសងខាងទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕

ដោយ៖យឹម សុថាន


ចែករំលែក៖