ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបិទមិនបន្ដឲ្យប្រជាពលរដ្ឋចូលទៅលេងក្នុងបរិវេណទឹកទំនប់អន្លង់ជ្រៃ នៅស្រុកពញាក្រែក ក្រោយមិនអនុវត្តវិធានសុខាភិបាល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បើយោងតាមអត្ថបទយកពី ផេកផ្លូវការ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលប្រធានមន្ទីរព័ត៌មានខេត្តរាយការណ៍ជូនបានបញ្ជាក់ឱ្យដឹងថា, កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ-១៩។

បើតាម លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះថា, រូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ហើយស្ថានភាពនោះ គឺនៅថ្ងៃទី០៥ ខែតុលាម្សិលមុិញមកម្លេះ។

លោក ហាក់ សុខមករា បញ្ជាក់ថានៅថ្ងៃនេះ ក៏មានភ្ញៀវទេសចរបន្ដទៅលេងកម្សាន្ដនៅតំបន់នោះ យ៉ាងច្រើនកុះករដូចកាលពីម្សិលមុិញដែរ។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល ក៏បានចែកនូវម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាលជាបន្ដបន្ទាប់ ប៉ុន្ដែភ្ញៀវទេសចរទាំងអស់នោះ មិនព្រមសហការនោះឡើយ។

លោកអភិបាលរងខេត្តបន្ថែមថា ដោយប្រជាពលរដ្ឋមិនព្រមសហការបែបនេះ គិតត្រឹមវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃនេះ អាជ្ញាធរបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងទឹកនៅទំនប់បង្ហៀរនោះបន្ដទៀត ដើម្បីកាត់បន្ថយចំនួននៃការប្រមូលផ្ដុំនោះ ដែលអាចកើតមានហានិភ័យបានគ្រប់ពេលវេលា ពិសេសការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា, យ៉ាងណាក៏ដោយ ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅទំនប់បង្ហៀរអន្លង់ជ្រៃនោះ ត្រូវសហការអនុវត្តវិធានសុខាភិបាល ព្រមទាំងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅទីតាំងកម្សាន្ដសប្បាយនោះ៕

ដោយ៖ សិលា


ចែករំលែក៖