ខេត្តស្វាយរៀង៖ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាក្តី ក៏ដំណើរការវិនិយោគនៅតែបន្តយ៉ាងផុសផុលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំក្រុងស្វាយរៀងនិងអាជ្ញាធរដែនដី ធ្វើឲ្យអ្នកវិនិយោគទុនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តស្វាយរៀង។
លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះថារោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កំពុងដំណើរការសាងសង់បានប្រមាណជាង ៨០ភាគរយហើយៗនឹងគ្រោងត្រៀមសម្ពោធជាផ្លូវការនៅពេលប៉ុន្មានខែខាងមុខទៀតនេះ។
លោកអភិបាលរងក្រុងស្វាយរៀងបានបន្ថែមឱ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយ ដែលមានរោងចក្រជាច្រើន ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តដ៏ធំខ្នាតអន្តរជាតិខេតថាយអឺ ឯ.ក(Cart tire co.ltd)បានបង្កើតឡើងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តមានការងារធ្វើរាប់ម៉ឺននាក់ និងមានជីវភាពកាន់តែល្អប្រសើរ។
លោកបានបន្តថា សម្រាប់រោងចក្រផលិតសំបកកង់រថយន្តគឺមានតែនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលជារោងចក្រខ្នាតអន្តរជាតិត្រូវចំណាយទុនជំហានដំបូងប្រមាណ ៣០០លានដុល្លារក្នុងការវិនិយោគរបស់ខ្លួន។
លោកបានបន្ថែមថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ សព្វថ្ងៃនេះគឺមានរោងចក្រប្រមាណ១២ រោងចក្រកំពុងដំណើរការផលិត រាប់បញ្ចូលទាំងរោងចក្រផលិតសំបកកង់រថយន្តដែលកំពុងតែសាងសង់បានប្រមាណជាង៨០ភាគរយនេះផង ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតកង់ ផលិតការវេចខ្ចប់ជាដើម។
បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងរោងចក្រខេតថាយអឺ ឯ.ក ដែលមកវិនិយោគផលិតសំបកកង់រថយន្តនេះបានប្រាប់ថា លោកនឹងធ្វើឲ្យក្លាយទៅជារោងចក្រធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
សូមបញ្ជាក់ថា លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២១កន្លងទៅនេះក៏បានចុះពិនិត្យមេីលវឌ្ឍនភាពនៃដំណេីរការសាងសង់រោងចក្រផលិតសំបកកង់រថយន្តក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ ផងដែរ៕
ដោយ៖យឹម សុថាន