ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរបស់ក្រុមហ៊ុនផែស្ងួតសូងួនបុកម៉ូតូរួចកិនពីលើបណ្តាលឲ្យបុរសពីរនាក់បងប្អូនស្លាប់ភ្លាមៗនៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

   ភ្នំពេញ ៖ បុរសពីរនាក់បងប្អូនបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈដែលជិះម៉ូតូឌុបគ្នាទៅធ្វើការត្រូវរថយន្តធុនធំរបស់ក្រុមហ៊ុនផែស្ងួតសូងួនបុកពីក្រោយ រួចកិនពីលើ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

   សពបុរសជាបងឈ្មោះ​  ឯល​ ពិន អាយុ៣៥ឆ្នាំ និងបុរសជាប្អូនឈ្មោះពីម៉ឺន​ ចំណាន អាយុ២៥ឆ្នាំ  អ្នកទាំងពីរមានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិផ្សារលិច​ សង្កាត់ព្រែកព្នៅ  ខណ្ឌព្រែកព្នៅ​រាជធានីភ្នំពេញ​។ រីឯបុរសសង្ស័យជាតៃកុងរថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួននាំយកទៅប៉ុស្តិ៍បាត់ទៅ។ 

  តាមប្រភពព័ត៌មានពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា នៅមុនពេល​កើត​ហេតុ​ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FX- 9690 ជិះឌុបគ្នាដោយបុរសបងប្អូនម្តាយតែមួយឪពុកទីទៃខាងលេីក្នុងទិសដៅពីជេីងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥  លុះមកដល់ចំណុចកេីតហេតុបានឈប់ភ្លើងស្តុប ហើយបន្ទាប់ពីភ្លើងស្តុបចេញភ្លេីងពណ៌ខៀវអនុញ្ញាតឲ្យបន្តដំណេីរនោះម៉ូតូជនរងគ្រោះក៏បើកចេញបានបន្តិចស្រាប់តែរថយន្តក្រុមហ៊ុនផែស្ងួតសូងួន

ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D – 4520បេីកបរដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះដែលបេីកស្របទិសគ្នាក៏ជ្រុលទៅបុកម៉ូតូពីក្រោយកិនស្លាប់ទាំងពីរនាក់បងប្អនភ្លាមៗ ហើយរថយន្តមិនទាន់អស់ល្បឿនក៏រេចង្កូតអូសទាំងម៉ូតូប្រមាណ២០ម៉ែត្រ​ទៅឡេីងលើចិញ្ចេីមផ្លូវទើបកល់ម៉ូតូក្រោមទ្រូងរថយន្តទៅមុខលែងរួច។ ភ្លាមៗ​នោះ​តៃកុងរថយន្តបានចុះពីលេីរថយន្តរត់គេចខ្លួនបានបន្តិចក៏ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបាន។បន្ទាប់ពីសមត្ថកិច្ចជំនាញរាជធានីវាស់វែងនិងប្រគល់សពទៅឱ្យក្រុមគ្រួសាររួចសមត្ថកិច្ចមូលដ្ឋានក៏ប្រគល់ឱ្យតៃកុងរថយន្តម៉ូតូនិងរថយន្តទៅការិយាល័យចរាចរណ៍រាជធានីចាត់ការតាមនីតិវិធីបន្ត៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖