ភ្នំពេញ ៖ ទីតាំងហាងកាហ្វេមួយកន្លែងបានលួចលាក់បង្កប់ល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ ឡូតូ និងលេងបៀអាប៉ោងស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងរលូនដោយមានការប្រមូលផ្ដុំមនុស្សជាច្រើន ទោះបីក្នុងបរិបទកូវីដ-១៩ក៏ដោយ ដោយមិនបានអនុវត្តតាមវិធានការសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការពារ ៣កុំ និង៣ការពារ នោះឡើយ។
ទោះបីជាលោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែទីតាំងខាងលើលួចលាក់បង្កប់ល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ ឡូតូនឹងលេងបៀអាប៉ោងដោយមិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ចឡើយ ។
ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះមកពីមិនដឹង ទើបមិនបង្ក្រាប រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំណូមពរដល់លោកយិន សាន អធិការនគរបាលខណ្ឌចំការមន និងគណៈបញ្ជាការឯកភាពខណ្ឌចំការមនគួរមានវិធានការចំពោះទីតាំងអស់នេះផង ដោយជាក់ស្ដែងទីតាំងទាំងនោះ មានការប្រមូលផ្ដុំមនុស្សច្រើន ទាំងថ្ងៃទាំងយប់ មិនបានរក្សាគំលាត និងអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឡើយ។
គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
នាពេលកន្លងមកសម្ដេច ក្រឡាហោម ស ខេង ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿងញៀន ។ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕
ដោយ៖ ជីណា