ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ដែនជំរកសត្វព្រៃភ្នំព្រេច ស្ថិតនៅខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ ត្រូវបាន បង្កើតឡើងដោយព្រះរាជក្រឹត្យចុះថៃ្ងទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ត្រូវបាន កំណត់ទៅលើផៃ្ទដីដែលមានទំហំ ២២២៥០០ហិកតា។ ដែនជំរកសត្វព្រៃភ្នំព្រេច គឺជាតំបន់សំបូរបែបនៃទីជំរក សត្វព្រៃដែលលាតសន្ទឹងពីព្រៃបៃតងនៃតំបន់ភ្នំ រហូតដល់តំបន់ព្រៃល្បោះ និងវាលស្មៅសើម។ ភាពសំបូរបែបនៃជំរកសត្វទាំងនោះបានទ្រទ្រង់ប្រភេទសត្វសំ ខាន់ៗ ថ្នាក់ពិភពលោកជាច្រើនដែលដំណាងនៃអេកូឡូស៊ី នៃព្រៃល្បោះនិងព្រៃស្រោង។ ដែនជំរកសត្វព្រៃនេះជាតំបន់ស្នូលធំជាងគេបំផុតនៃពពួកដំរី អាស៊ីនៅ ខ្ពង់រាបខាងកើតនេះ ។ក្រសួងបរិស្ថានលើកឡើងថា, យ៉ាងហោចណាស់ក៏មានដំរីជាច្រើន រួមទាំងដំរីកូន និងដំរីជំទង់ជាច្រើនក្បាលដែល ត្រូវបានគេរកឃើញ ដោយម៉ាស៊ីនថតស្វ័យប្រវតិ្ត ។ ពពួកតិណាសីសត្វ ដូចជាទន្សោង ខ្ទីង បានរស់នៅតំបន់នេះ ហើយរមាំងដែលជាប្រភេទសត្វដែលទទួលរងការ គំរាមកំហែងខ្លាំងក៏មានវត្តមាននៅទីនោះដែរ លើសពីនេះពពួកសត្វមំសាសី ដូចជា ខ្លារខិន ខ្លាពពក ខ្លាភ្ញីថ្មកែវ ឆ្មាព្រៃ ឆែបាព្រៃ ក៏មានវត្តមានយ៉ាងច្រើននៅតំបន់ទន្លេដែរ។ ភាពផេ្សងគ្នានៃដែនជំរកសត្វព្រៃភ្នំព្រេច មានសារះសំខាន់ណាស់ សំរាប់ពពួកពានរជាតិ ដូចជា ទោចថ្ពាល់លឿង ស្វាក្រវាត់ ស្វាព្រាម និងប្រភេទបក្សីភ្នំ ដូចជា កេងកងធំ ទាព្រៃស្លាបស ក្ងោក។ល។ ក្រៅពីនេះ តំបន់ដីសើមក៏ជាតំបន់ដែលជា ជម្រកដ៏សំខាន់របស់ ពពួកសត្វកៀ្រល ត្រយងយក្ស ត្រដក់តូច និងសត្វ-កសផងដែរ។
មិនតែប៉ុននោះដែនដែជំរកសត្វព្រៃភ្នំព្រេច ក៏មានតំបន់ថ្មម្យ៉ាងដែលជនជាតិដើមភាគតិចតែងនិយាយថា ថ្មចំរ៉ូង ជាទីកន្លែងដែលស្ងប់ស្ងាត់ នៃដែនដែជំរកសត្វព្រៃភ្នំព្រេច ដែលស្ថិតនៅភូមិ ចុងផាង ឃុំ ពូជ្រៃ ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី កំរាលស្មៅធម្មជាតិ ក្រោមមេឃខៀវខ្ចី អមទៅដោយបរិយាកាសដ៏សែនស្ងប់ស្ងាត់មួយនេះ ពិតជាសាកសមឥតទាស់សំរាប់ពពួកសត្វដែលរស់នៅតំបន់នេះ៕
ធនធានដ៏សំបូរបែបទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់មន្រ្តីឧទ្យានុរក្ស ដោយពួកគាត់បានធ្វើការយាមល្បាតព្រៃទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកផងនោះ រួមទាំងការចូលរួមក្នុងការថែរក្សាតំបន់ការពារធម្មជាតិពីសំណាក់សមាជិក ឮសហគមន៍តំបន់ការពារធម្មជាតិនិងប្រជាជនមូលដ្ឋាននៅជុំវិញតំបន់ការពាផងដែរ៕
ដោយ ៖ សិលា