ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ផ្តួលវាយប្លន់យកម៉ូតូស្គូពីស៊េរីឆ្នាំ២០២១ពីបុរសម្នាក់បានសម្រេច រួចជិះគេចខ្លូនបាត់ស្រមោល ទៅ ដោយបណ្ដាលឱ្យជនរងគ្រោះរងរបួសសន្លប់មួយសន្ទុះទើបដឹងខ្លួនឡើងវិញ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហែម ជាង ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរលក់បន្លែ ស្នាក់នៅស្រុកពញាឮ ខេត្តកណ្ដាល។
តាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្គូពី ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1F-1641 ធ្វើដំណើរចេញពីម្តុំស្ទឹងមានជ័យ ក្នុងគោលបំណងទៅលេងផ្ទះមិត្តភក្តិនៅផ្លូវថៃហ្គ័រ ដោយធ្វើដំណើរពីជើងទៅត្បូង ខណៈជិះមកដល់ចំណុចកើតហេតុខាងលើក៏លេចជនសង្ស័យជិះម៉ូតូ៣គ្រឿង គឺម៉ូតូនិចពីរគ្រឿង ម៉ូតូឌ្រីមមួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយហើយក៏ធ្វើសកម្មភាពស្ទាក់ពីមុខម៉ូតូគាត់និងអ្នកបិទគូទមកធាក់ម៉ូតូគាត់ឱ្យដួល និងវាយចំស្មាចំទ្រូងបណ្ដាលឱ្យគាត់សន្លប់ទេីបក្រុមជនសង្ស័យទាំងនោះបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានដឹកជនរងគ្រោះទាំងប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកឯង។ ក្រោយពីដាក់ពាក្យបណ្ដឹងរួចជនរងគ្រោះបានចេញទៅផ្ទះវិញទាំងក្ដីអស់សង្ឃឹម៕
ដោយ ៖ ភារ៉ា ដង្កោ