សារព័ត៌មាន SCMP បានផ្សាយថា ចិនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយជាង១០០គ្រឿងសំដៅទៅកាន់តំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា។
តាមសារព័ត៌មាន SCMP បានផ្សាយទៀតថា កម្លាំងទាហានចិនបានបង្កើនសមត្ថភាពការពារនៅតំបន់ហេមម៉ាឡាយ៉ាក្នុងរដូវរងា។ ការដាក់ពង្រាយនោះគឺដើម្បីទប់តទល់ជាមួយឥណ្ឌាដែលបានដាក់ពង្រាយ៣កងពលកាំភ្លើងធំ M777 តាមបណ្តោយព្រំដែន LAC ដែលមានវិវាទជាមួយចិន។
នៅក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាព្រំដែនរវាងមន្ត្រីយោធាឥណ្ឌាជាមួយនឹងចិនកាលពីដើមខែតុលាគឺមិនបានសម្រេចលទ្ធផលល្អឡើយ ដោយភាគីចិនមិនអាចបញ្ចុះបញ្ជូលឥណ្ឌាឱ្យដកទាហានចេញពីតំបន់ព្រំដែននោះបានឡើយ។
នៅមុនពេលរដូវរងាមកដល់ ទាំងចិននិងឥណ្ឌាបានបង្កើនសកម្មភាពត្រៀមសម្ភារបម្រុងទាំងស្បៀងអាហារ សព្វាវុធ ដោយសារតែពេលរដូវរងាតំបន់ភ្នំមានវិវាទពិបាកចូលកៀកដោយសារតែគ្របដណ្តប់ដោយព្រិល ។ ដូច្នេះប្រទេសទាំងពីរបានត្រៀមលក្ខណៈសម្រាប់រដូវរងាដល់ទាហាននៅទីនោះ។
តំបន់ព្រំដែនឥណ្ឌា-ចិន តែងតែប្រឈមមុខតានតឹងដាក់គ្នាដោយកម្លាំងយោធាក្នុងតំបន់។ កន្លងមកថ្មីៗឥណ្ឌាបានចាប់ទាហានចិនរាប់សិបនាក់ដែលចូលទៅកាន់ព្រំដែនប្រទេសឥណ្ឌា ប៉ុន្តែក្រោយមកក៏ត្រូវបានដោះលែងវិញ៕ ដោយ៖ធីរីណា
រូបថត៖Handout
រូបថត៖The Print