ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ សុន្ទរកថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស , ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ សាលរំដួល វិមានសន្តិភាព ! 

ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/រដ្ឋទូត សមាជិកអង្គទូត ភ្ញៀវកិត្តិយសទាំងអស់ជាទីមេតី្រ ! 

១. ថ្ងៃនេះ យើងរួមគ្នាប្រារព្ធពិធីរំលឹកទិវាដ៏សំខាន់មួយនៃប្រវត្តិសាស្ត្ររបស់យើង នោះគឺខួបទី៣០ នៃកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ដែលយើងហៅជា ទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស”។

២. ដំបូងបង្អស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រគល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ឱ្យខ្ញុំថ្លែងសុន្ទរកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ នេះ។ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកចូលរួម ក្នុងពិធីនេះ។

៣. ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះ ចំពោះ លោកជំទាវ Retro Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និង ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង ដែលបានផ្ញើសារអបអរសាទរខួប អនុស្សាវរីយ៍នេះ និងរំលេចពីតួនាទីដ៏ចំបងរបស់ប្រទេសទាំងពីរ ក្នុងឋានៈជាសហប្រធាន សន្និសីទក្រុងប៉ារីស ដែលនាំដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ។

៤. ខ្ញុំក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលបានផ្តល់នូវសុន្ទរកថាដ៏មានអត្ថន័យ តំណាងឱ្យអង្គទូត និងជាពិសេសប្រទេសនានាជា ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។

ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេតី្រ ! 

៥. ខ្ញុំសូមចាប់ផ្តើមជាមួយនឹងតថភាពប្រវត្តិសាស្ត្រមួយ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសំរេចទៅបាន អាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរសមួយអង្គ និងមួយ រូប នោះគឺ ព្រះបរមរតនៈកោដ្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន។

៦. ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ មិន មានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជំលោះនៅកម្ពុជា។ មានតែការចរចា និងដំណោះ ស្រាយនយោបាយ រវាងខ្មែរ និងខ្មែរ ប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ គឺក្នុង ស្មារតីនេះហើយ ដែលសម្ដេចតេជោបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖ (១) រៀបចំជំនួប សីហនុ-ហ៊ុន សែន (២) ការដក ទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និង ការគាំទ្រទាំងអស់ដល់ កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ(៣) ការរៀបចំការបោះឆ្នោតដោយមានអ្នក សង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និង មិនចូលបក្ខសម្ព័ន្ធ (៤) ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និង រៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន (៥) រៀបចំសន្និសីទអន្តរជាតិ មួយដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសំរេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាល ទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិក អចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និង ប្រទេសដទៃទៀត។ សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច

សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការ ចរចាស្វែងរកសន្តិភាព។

៧. ដូចយើងបានដឹងទាំងអស់គ្នា ជំនួបលើកដំបូងដែលយើងហៅថា ជំនួបសីហនុ-ហ៊ុន សែន បាន កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនេះ បានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះ កម្ពុជា ដែលមានអាយុ៣០ឆ្នាំគត់ នៅថ្ងៃនេះ។

៨.ជាការពិត ប្រទេសជាច្រើនបានជួយជ្រោមជ្រែងក្នុងអំឡុងពេលនៃដំណើរការចរចាអស់កាលជិត ៤ឆ្នាំ តែក៏មានប្រទេសខ្លះបានជួយយើងច្រើនជាងប្រទេសខ្លះទៀតដែរ។ បារាំង និងឥណ្ឌូនេស៊ី ក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា បានដើរតួនាទីដ៏សំខាន់ជាងគេ ដោយ ការចរចាភាគច្រើនប្រព្រឹត្តទៅនៅប្រទេសទាំងពីរនេះ។ យើងក៏មិនភ្លេចតួនាទីរបស់អូស្ត្រាលីឡើយ ដែលបាននាំមកនូវគំនិតថ្មី –

ស្តីពីការប្រគល់ជូនអង្គការសហប្រជាជាតិនូវការគ្រប់គ្រងប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ក្នុងដំណាក់កាលអន្តរកាល តាមរយៈ “សៀវភៅក្រហម” (Red Book)។ បារាំង និងជប៉ុនមានចំណុចដូចគ្នាត្រង់ថា ជាមួយនឹងវិភាគទានដល់ការស្វែងរកនូវការព្រមព្រៀង គ្នារវាងភាគីពាក់ព័ន្ធនោះ ប្រទេសទាំងពីរបានបន្តជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ច-សង្គម និងគាំ ទ្រដល់កិច្ចខិតខំនានា ក្នុងការអភិវឌ្ឍប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ ប្រទេសថៃជាប់ភូមិផង របងជាមួយយើងក៏បានរួមចំណែកដ៏សំខាន់ដែរ ទាំងនៅក្នុងដំណើការចរចា ទាំងក្នុងប្រតិបត្តិការ ដ៏សម្បើមមួយរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាចំនួន ៣៧០ ០០០ នាក់ ពីទឹកដីថៃមកកម្ពុជាវិញ។

៩. ការដឹងគុណរបស់យើង ក៏មានចំពោះរដ្ឋាភិបាលផ្សេងទៀតដែលបានជួយរួមវិភាគទាន តាមលទ្ធភាព រៀងៗខ្លួន ដល់ការបញ្ចប់ជំលោះ និងកសាងប្រទេសដូចសព្វថ្ងៃនេះ។ យើងក៏ត្រូវផ្តល់យុត្តិធម៌ និង ការដឹងគុណដល់ប្រទេសវៀតណាម ដែលតាមរយៈការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន បានជួយ រំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមរយៈការដកកងទ័ពទាំងស្រុងរបស់ខ្លួនពីកម្ពុជានៅឆ្នាំ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចាដែលពេលនោះត្រូវ ជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេស។

១០. ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ខ្ញុំសូមអនុញ្ញាតរំលឹកនូវកិច្ចការដែលជាធាតុដ៏សំខាន់បំផុតមួយ នៃ ដំណើរការចរចា ដែលមានទាំងការជួយជ្រោមជ្រែងពីមិត្តបរទេសផង តែសំខាន់បំផុតនោះ គឺការ ផ្ដើមគំនិត និងកិច្ចប្រឹងប្រែងដោយផ្ទាល់ពីខ្មែរខ្លួនឯងផង នោះគឺការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ ហៅកាត់ជាភាសាអង់គ្លេសថា “SNC» (Supreme National Council)។ នៅក្នុងជំនួបសីហនុ- ហ៊ុន សែន លើកទី២ នៅ Saint Germain-en-Laye នៅឆ្នាំ១៩៨៨ សម្តេច ហ៊ុន សែន បានផ្តួច ផ្ដើមគំនិតបង្កើតនូវក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់មួយ ហើយគំនិតនេះ ត្រូវបានយកទៅ ពិភាក្សាម្ដងទៀតក្នុងកិច្ចប្រជុំ Jakarta Informal Meeting 1 (JIM I) តែពេលនោះនៅរកការ ឯកភាពមិនទាន់បាន។ លុះដល់ខែមិនា ឆ្នាំ១៩៩០ ដោយមានការជួយជ្រោមជ្រែងពីឯកឧត្តម ឧត្តមសេនីយ៍ ឆាវ៉ាលីត យុងឆៃយុទ្ធ ទើបការព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា ដើម្បីរៀបចំ SNC នេះ ដោយគ្រាន់តែប្តូរពាក្យពីក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ មកជាឧត្តមក្រុមប្រឹក្សា ជាតិវិញប៉ុណ្ណោះ។ កិច្ចព្រមព្រៀងផ្លូវការរវាងភាគីទាំង២ ម្ខាងគឺភាគីរដ្ឋកម្ពុជា និងម្ខាងទៀតតី ភាគីនោះ តាមរូបមន្ត ៦+៦ ឬ ៦+២+២+២ =១២ ត្រូវបានចុះហត្ថលេខា នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ផ្ទះ និងដោយឯកឧត្តម ឆាវ៉ាលីត យុងឆៃយុទ្ធ ក៏ធ្វើ ដំណើរទៅចូលរួមនៅទីនោះដែរ។ យ៉ាងណាមិញ សមាសភាពនៃឧត្តមក្រុមប្រឹក្សាជាតិនេះ ត្រូវ មកសំរេចគ្នានៅក្នុងកិច្ចប្រជុំ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកិច្ចប្រជុំលើកទីមួយ របស់ SNC ត្រូវបានរៀបចំឡើងនៅស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ក្រោមអធិបតីភាពរបស់ ព្រឹទ្ធបុរស ចៅ សែនកុសល (ហៅឈុំ)។ នេះជាទិដ្ឋភាពមួយផ្នែក តែក៏មានសារៈសំខាន់ខ្លាំងក្នុង ដំណើរការចរចា ដែលបង្ហាញពីឆន្ទៈស្វែងរកសន្តិភាពរបស់មេដឹកនាំខ្មែរយើង ទោះលំបាកយ៉ាង ណាក៏ដោយ។

សូមអាននូវខ្លឹមសារទាំងស្រុងនៃសុន្ទរកថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស , ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១  ដូចខាងក្រោម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖