ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបោសសំអាតនិងបាញ់ទឹកលាងសំអាតព្រមទាំងជួសជុលជង្ហុកសំបុកមាន់រួចរាល់ ហើយ នៅព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០២១នេះ ពោលគឺក្រោយពីកំណាត់ផ្លូវ នេះ ពោរពេញទៅដោយ ដីខ្សាច់ជ្រុះរប៉ាត់ប៉ាយពេញផ្លូវ បង្កការរំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ តុលាឆ្នាំ២០២១នេះថា ៖ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចេញ កម្មករ ដើម្បីបោះសំអាតទ្រូងផ្លូវជាតិលេខ២ ជាមួយគ្នានោះក៏បានបញ្ចេញ ឡានបាញ់ទឹកជាច្រើនគ្រឿងផងដែរ ដើម្បីបាញ់លាងសម្អាតផ្លូវនេះឱ្យបានស្អាតឡើងវិញខណៈផ្លូវនេះមាន ដីខ្សាច់ជ្រុះពេញលើផ្លូវ បង្កការ លំពិបាក ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទៅនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះផងដែរ។
មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ការបោសសំអាត និងបាញ់ទឹកលាងផ្លូវខាងលើនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពីសុខមាល ភាពរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាត មានបរិស្ថានល្អផងដែរ៕
ដោយ៖ សំរិត