ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំឱ្យទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានណែនាំឱ្យក្រុមការងារដឹកនាំកម្លាំងលើកទំនប់ទប់ទឹក ចុះកើបកាយយកកាកសំណល់ ចេញពីមាត់លូ ព្រមទាំងដោះស្រាយទឹកដក់តាមបណ្តោយផ្លូវជាតិលេខ១ និងត្រួតពិនិត្យសកម្មភាពជីកដាក់លូថ្មី ។
៣ថ្ងៃនេះរួមមានថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌបានបែងចែកកម្លាំងចុះធ្វើការងារ៤គោលដៅផ្សេងគ្នាដើម្បីបង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀវក្នុងរដូវវស្សា ។
ទីតាំងដែលក្រុមការងាររដ្ឋបាលខណ្ឌ ចុះទៅកាយប្រឡាយ ជីកកប់លូ លើក ទំនប់ទប់ទឹក និងកើបកាយយកកាកសំណល់ចេញពីមាត់លូ រួមទាំងបូមទឹកចេញពីចិញ្ចើមផ្លូវជាតិលេខ១ បានធ្វើឡើងចំនួន៤ទីតាំង រួមមាន៖
ទីតាំងទី១-នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លេាក ណុប ផា និងលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកចេញពីលំនៅឋានបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកភ្លៀង ស្ថិតក្នុងភូមិរបោះអង្កាញ់ និងរបោះអង្កាញ់១ ក្នុងសង្កាត់ព្រែកឯង។
ទីតាំងទី២-អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅនៅព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ពេលភ្លៀងកំពុងតែធ្លាក់ខ្លាំង លោកគុយ គឹមហៀង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន និងសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យខណ្ឌបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយបង្ហូរទឹកដែលដក់លើផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ វាលស្បូវ និងផ្លូវលេខ១១៤ហៅជាទូទៅថាផ្លូវរោងចក្រថៃហ្គ័រ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ។
ទីតាំងទី៣-នៅថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានចាត់លោក ណុប ផា អភិបាលរងខណ្ឌ និងលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ យុវជន និងប្រជាការពារសង្កាត់វាលស្បូវ ចុះលើកទំនប់ទប់ទឹកនៅចំណុចទួលជ្រំ ស្ថិតក្នុងភូមិក្តីតាកុយ ដើម្បីការពារកុំឲ្យទឹកហូរចូលលំនៅឋានប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានរៀបចំដាក់ម៉ាសុីន
បូមទឹកចេញពីតំបន់លិចលង់នេះដែរ។
ទីតាំងទី៤-នៅសុក្រទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ នាទី ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយសប្បុរសជនបានរៀបចំដាក់បណ្តាញលូចំនួន១ខ្សែប្រវែង២៥០ ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ដើម្បីរំដោះទឹកភ្លៀង។
ដោយឡែកដើម្បីកែលម្អបរិវេណ នៅក្នុងអគាររដ្ឋបាលសាលាខណ្ឌឱ្យមានសោភណភាព នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌបានដឹកនាំកម្លាំងគាស់កាយយកការ៉ូឡាចាស់ចេញពីបរិវេណសាលាខណ្ឌ ហើយចាក់បេតុងថ្មីឡើងវិញ ជំនួសការ៉ូឡាដែលមានសភាពបែកបាក់ស្រុតស្ទើរគ្រប់កន្លែង ។ ឃើញសភាពបែបនេះលោកអភិបាលខណ្ឌបានណែនាំឱ្យក្រុមការងាររដ្ឋបាលខណ្ឌរៀបចំបរិវេណសាលាឱ្យមានសោភណភាពឡើងវិញ ៕
ដោយ៖ សណ្ដោស