ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស : សម្តេចតេជោ ហ៊ុន សែននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ​២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា, តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ​២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

 នៅក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា​, អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ រួមមាន​​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​  លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ​នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖​

 – ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩

– កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២

– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤

– កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩

– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤

– កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១

– កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤

– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦

– កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង

– កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

 នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ​នឹងអញ្ជើញធ្វើបទអន្តរាគមន៍ ផងដែរ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនព្រះរាជា-ណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖