ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតត្រូវប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី២៧ តុលាខាងមុខនេះ

ចែករំលែក៖

   ភ្នំពេញ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ថ្ងៃទី២៦និងថ្ងៃទី២៧ ខែតុលាខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់លិចលង់លំនៅឋានបងប្អូន។

   ការអំពាវបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ខណៈដែលលោកចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំងដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោតកុំឲ្យលិចលង់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ស្របពេលដែលមានការបើកទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន៥នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

    បន្ថែមពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការស្នើសុំទៅដល់ក្រសួងធនទឹកនិងឧតុនិយមជួយ បង្វែរទឹកកុំឲ្យជន់លិចរាជធានីភ្នំពេញ ដោយសារថា ការជន់លិចរាជធានីភ្នំពេញ គឺពិតជាធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ។

  លោកឃួង ស្រេងបានបញ្ជាក់ថា យើងមិនបានគេចវេះពីបញ្ហានោះទេ។ ប៉ុន្តែបើ គិតពីបញ្ហាសេដ្ឋកិច្ច ខណៈលិចរាជធានីភ្នំពេញ វាពិតជាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងនៅតាមខេត្តពាក់ព័ន្ធ។ អ៊ីចឹងហើយទើបលោកស្នើសុំទៅអាជ្ញាធរខេត្តកំពង់ស្ពឺ សូមឱ្យមានការយោគយល់ ។ លោកបានបញ្ជាឲ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយនេះ ។ ដោយឡែកភ្នំពេញយើង កន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញទាំងអាជ្ញាធរខណ្ឌសង្កាត់និងមន្ទីរពាក់ព័ន្ធគឺយើងបានធ្វើកិច្ចការងារនេះយ៉ាងសកម្មដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយបណ្ដាលមកការលិចលង់លំនៅឋានប្រជាពលរដ្ឋនេះ។ បន្ថែមពីលើនេះទៀត លោកក៏បានស្នើសុំទៅកម្លាំងកងអង្គរក្សនូវកម្លាំងប្រមាណ៥០០នាក់ដើម្បីជួយធ្វើអន្តរាគមន៍លើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹកក៏បានផ្តល់នូវអេស្កាវ៉ាទ័រចំនួន១៥គ្រឿងដាក់លើទីតាំងនេះដើម្បីទប់ទំនប់ទប់ស្កាត់នូវការលិចលង់នេះ ។

  លោកអភិបាលរាជធានីបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំវាពិតជាមិនងាយស្រួលគ្រប់គ្រងបានដូចទឹកទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ ខែតុលាខាងមុខនេះ។ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វីគឺយើងអាចជួយពួកគាត់បានភ្លាមៗ៕

ដោយ ៖ សំរិត


ចែករំលែក៖