ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំជាមួយខ្យល់កន្រ្តាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តព្រះសីហនុ,ជំនន់ទឹកភ្លៀង នៅភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ , ខេត្តមណ្ឌលគិរី ត្បូង-ឃ្មុំ និងខេត្តកំពង់ចាម

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំជាមួយខ្យល់កន្រ្តាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តព្រះសីហនុ ! ជំនន់ទឹកភ្លៀង នៅភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ , ខេត្តមណ្ឌលគិរី ត្បូង-ឃ្មុំ និងខេត្តកំពង់ចាម,។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ទៀតថា, បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា ៖ មានសម្ពាធទាបសកម្មមួយ បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ តាមការព្យាករ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ សម្ពាធទាបសកម្មនេះ នឹងវិវត្តជាបន្តបន្ទាប់ទៅជាវិសម្ពាធ ឬ កូនព្យុះ ដោយធ្វើដំណើរចូលដល់លើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ។ បាតុភូតខាងលើនេះ នឹងថមថយឥទ្ធិពលមកជាសម្ពាធទាប នៅពេលដើរចូលមកដល់លើភាគខាងត្បូងប្រទេសកម្ពុជា ។

យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖

១- តំបន់វាលទំនាប ៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនបង្គួរ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ។

២- តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្បូង-ឃ្មុំ និងខេត្តកំពង់ចាម ។

៣- តំបន់មាត់សមុទ្រ ៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំជាមួយខ្យល់កន្រ្តាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន នឹងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖