ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ទាំងអស់នៃសាលាស្ទឹងត្រែង។
ពិធីសំណេះសំណាលនេះមានការអញ្ជេីញចូលរួមពី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការសាលាខេត្ត។
នៅក្នុងពិធីសំណេះសំណាលនេះ លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់រូប គ្រប់ផ្នែក ដែលបានខិតខំបំពេញការងារជូនរដ្ឋបាលខេត្ត ក្នុង រយៈពេលកន្លងមក។ នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីគ្រប់ឋានានុក្រម ត្រូវខិតខំបំពេញការងារបន្ថែមទៀត លើការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ គឺគោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ជាពិសេសឋានានុក្រមការងារ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីគ្រប់រូបត្រូវបង្កើនការសិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសេីរ។
ក្រៅពីការណែនាំ ក៏ដូចជាផ្តល់អនុសាសន៍នេះ គឺដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែម លោកភិបាលខេត្ត ក៏បានប្រគល់ជូននូវថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីរាជការសាលាខេត្តក្នុងម្នាក់ៗចំនួន១០មុឺនរៀល៕
ដោយ ៖ សិលា