មកទល់ពេលនេះមានពលរដ្ឋនៅជុំវិញពិភពលោក ៤៩% បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយមានវ៉ាក់សាំងរហូតដល់ទៅ៦,៩៤ពាន់លានដូស ។ ក្នុងមួយថ្ងៃៗមានមានវ៉ាក់សាំង ចំនួន២៣,៦៧លានដូសចាក់ជូនពលរដ្ឋ ។
ក្នុងចំណោមវ៉ាក់សាំងដែលបានចាក់នៅលើពិភពលោក ភាគច្រើនគឺនៅក្នុងប្រទេសអ្នកមាន ។ ចំណែកប្រទេសក្រីក្រ មានចំណូលទាប ទើបតែចាក់វ៉ាក់សាំងបានតែ ៣,១%ប៉ុណ្ណោះ ។ ចំណែកប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនជាងគេគឺប្រទេសចិន ។
គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ២.២៥៤ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។
ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់១០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក។
ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ដោយ៖ធីរីណា
រូបថត៖TTXVN-VNA