ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ពិសេសស្នងការដ្ឋាននគរបាលខេត្ត បន្តល្បាតតាមឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដើម្បីរក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ​ ដោយមានការដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញល្បាតតាមឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដើម្បីរក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងខេត្តព្រះសីហនុ។ 

សូមជម្រាបថា​ ជារៀង​រាល់​ថ្ងៃ​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានដាក់កម្លាំងចល័តនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានចេញល្បាតតាមដងផ្លូវ រៀបចំសម្រួលចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានការត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ រៀបចំសម្រួលកន្លែងមានការកកស្ទះចរាចរណ៍ តាមចំណុចផ្លូវដែលមានចរាចរណ៍មមារញឹក និងហាមឃាត់ការឈប់ចតយានយន្តផ្ទុយ នឹងច្បាប់ចរាចរណ៍។ 

គួរបញ្ជាក់ថា​ ក្រុមការងារនគរបាលសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ក្រោមបទបញ្ជារបស់លោកស្នងការ បានធ្វើអនាម័យ បាញ់សម្លាប់មេរោគ នៅកន្លែងកងអន្តរាគមន៌ពិសេសជាប្រចាំថ្ងៃ ទាំងកន្លែងសម្រាក និងរោងបាយ ជាពិសេសគឺពិនិត្យសុខភាពដល់កងកម្លាំងជាប្រចាំផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖