ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មានករណីឃុំខ្លួនជនត្រូវចោទមេប៉េអឹមក្រុងក្រចេះ មានបទចោទ៣បទល្មើស

ចែករំលែក៖

  ខេត្តក្រចេះ : សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា:  នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានទទួលសំណុំរឿងព្រហ្មទណ្ឌលេខ ៥៨០ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ពីមន្ត្រីនគរបាលយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រួមទាំងជនសង្ស័យចំនួន ០២រូប ឈ្មោះ ទេព ហ៊ុយ និងឈ្មោះ គឹម សុវណ្ណរិទ្ធ។ ក្រោយពីបានពិនិត្យ និងសាកសួររួចមក តំណាងអយ្យការបានសម្រេចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៨៦ អ.យ, ក/ ២១ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបើកការស៊ើបសួរលើ ១/.ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ ឆ្នាំ ជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ពីបទ,  ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ, គំរាមកំហែងថានឹងសម្លាប់តាមបញ្ញត្តិមាត្រា ២១១, ២១៩, ២៣៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅចំណុចហាងយីហោ លាង ហ៊ុយ លក់រថយន្ត, ម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ផ្លូវកណ្ដាលភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ និង២-ឈ្មោះ គឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ, ឈ្មោះ វុធ ភេទប្រុស ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅចំណុចហាងយីហោ លាង ហ៊ុយ លក់រថយន្ត, ម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ផ្លូវកណ្ដាលភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរបានចាត់ការតាមនីតិវិធី និងសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ទេព ហ៊ុយ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ ២៦៣ ឃ.ខ ចុះ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងឈ្មោះ គឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ២៦៤ ឃ.ខ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពន្ធនាគារខេត្តក្រចេះ ដើម្បីធ្វើការស៊ើបសួរបន្ត។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖