ប្រទេសថៃ ៖ ពិតជាមិនធម្មតាមែន! ប្រាក់ដុល្លារក្លែងក្លាយប្រមាណជិត៣លានដុល្លាររួមជាមួយម៉ាសុីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃថៃចុះបង្ក្រាបខណៈដែលក្រុមជនសង្ស័យកំពុងធ្វើការឡាយបង្ហោះលក់តាមរយៈអនឡាញ។
កិច្ចប្រតិបត្តិការនៃការចរចាទិញប្រាក់ដុល្លារតាមរយៈអនឡាញឈានរហូតដល់ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងខេត្តណាខនប៉ាធុំ ដោយនៅទីនោះមានម៉ាសុីនសម្រាប់ព្រីន និងផលិតប្រាក់ដុល្លារក្លែងក្លាយចំនួន៣គ្រឿងរួមជាមួយនឹងប្រាក់ដុល្លារជាច្រើនដុំនិងប្រាក់ដុល្លារដែលកំពុងហាលសម្ងួត ជាប្រភេទក្រដាសប្រាក់១០០ដុល្លារទាំងអស់ ។
តាមការសាកសួររបស់សមត្ថកិច្ច គឺពួកគេមានគ្នាចំនួន៤នាក់សុទ្ធសឹងជានារីទាំងអស់ ដោយជនសង្ស័យបានសារភាពថា៖ ការផលិតដំបូងនេះបានចំនួន ៥០.០០០សន្លឹកដោយបានបញ្ចេញធ្វើចរាចរណ៍ទៅលើទីផ្សារអស់ចំនួន១១.០០០សន្លឹកហើយ ជាក់ស្តែងនៅកន្លែងបង្ក្រាបមានចំនួនតែ ៣៩.០០០សន្លឹកប៉ុណ្ណោះ។ដូច្នេះមានន័យថា លុយដុល្លារក្លែងក្លាយបានធ្វើចរាចរណ៍អស់ចំនួន១.១០០.០០០ដុល្លារហើយ។
ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបានបញ្ជាក់ថា ក្រដាសប្រាក់ប្រភេទ១០០ដុល្លារនេះកម្លាំងជំនាញបានយកឱ្យខាងធនាគារពិនិត្យគឺមានលក្ខណៈដូចទៅនឹងក្រដាសប្រាក់ពិត៩៥% ដែលយើងមើលនឹងភ្នែកអាចមានការភ័ន្តច្រឡំ។ ការផលិតប្រាក់ដុល្លារក្លែងក្លាយនេះសមត្ថកិច្ចសន្និដ្ឋានថា ប្រាកដជាមានអ្នកជំនាញនៅពីក្រោយខ្នង៕
ដោយ៖ ស សម