ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកជាមួយរថយន្តកុងតឺន័រផ្អើលអ្នកភូមិទាំងយប់នៅក្រុងស្វាយរៀង តែសំណាងដែរមិនមានមនុស្សរងគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តធុនធំម៉ាកCHENG LONGបុកជាមួយរថយន្ត​កុងតឺន័រម៉ាកSCANIAបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៩នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៦និងលេខ១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះ គិន ណារ៉ាក់ អាយុ២៧ឆ្នាំ មុខរបរបើកបរ​ រស់នៅភូមិស្នា ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើករថយន្ដម៉ាក CHENG LONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៥៥២ សឺមីរុឺម៉ក ពាក់ស្លាកលេខ ៤A-៤៨៩៦ ។

ចំណែកអ្នកបើករថយន្តកុងតឺន័រម្ខាងទៀតមានឈ្មោះ សាំង ធា  អាយុ៣៧ឆ្នាំ មុខរបរបើកបរ​ រស់នៅភូមិទួលតារី ឃុំ ច្រេស ស្រុកមេសាង ខេត្តព្រៃវែង  បើករថយន្តម៉ាក SCANIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣F-៤១៤៣ សឺមីរុឺម៉កពាក់ស្លាកលេខ កណ្តាល ៤A- ០០៩៨ ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក CHENG LONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៥៥២ សឺមីរុឺម៉កពាក់ស្លាកលេខ ៤A-៤៨៩៦ ធ្វើដំណើរលើផ្លូវជាតិលេខ ១ក្នុងទិសដៅពីជើងទៅត្បូងដោយមិនគោរពសិទ្ធិអាទិភាពបានបុកជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀតម៉ាក SCANIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣F-៤១៤៣ សឺមីរុឺម៉កពាក់ស្លាកលេខ កណ្តាល ៤A-០០៩៨ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែសំណាងដែរដែលមនុស្សមិនមានរងគ្រោះថ្នាក់។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរណ៍បានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖