ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជំនាញ​ (ក.ប.ប)​ ដុតកម្ទេចចោលទំនិញខូចគុណភាពជាង៧តោន ដែលបង្ក្រាបបានកន្លងមកនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រោយពីបានរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ចម្រុះ រាប់សិបមុខ សរុប៧,២០០គីទ្បូក្រាម កាលពីពេលកន្លងទៅ​ ពេលនេះ​មន្រ្តី​ជំនាញ​បានធ្វើពិធីកម្ទេច និងបំផ្លាញចោលនៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ព្រះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តថា​ ក្នុង​ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត, លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, មន្រ្តីក្រោមឱវាទមន្ទីរ និងមន្ត្រីក.ប.ប។​ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ ដែលត្រូវកម្ទេច និងបំផ្លាញចោលនាពេលនេះ រួមមាន៖ ស្រាបៀរ, ភេសជ្ជៈ និងទំនិញចម្រុះមួយចំនួនទៀត។

មន្រ្តី​ជំនាញ​ បានឱ្យដឹងទៀតថា​ ទំនិញទាំងអស់ត្រូវបានដកហូតបាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅដេប៉ូចែកចាយភេសជ្ជៈ ដែលមានអាសយដ្ឋានផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា​ ក្នុងករណីនេះដែរ ម្ចាស់ទំនិញល្មើសខាងលើ បានយល់ព្រមបង់ប្រាក់ពិន័យរួលរាល់អស់ហើយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ គោលដៅសំខាន់ នៃការត្រួតពិនិត្យ ទំនិញ ភេសជ្ជៈ និងស្រាបៀរនៅទីតាំងខាងលើ គឺដើម្បីសា្រវជ្រាវ និងទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ ដើម្បីលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖