ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត”

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ​ នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អញ្ជើញអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” ដោយមានការចូលរួមដោយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងក្រុមហ៊ុនប្រមូលសំរាម KSWM ប្រមាណជាង ២០០នាក់។

នាឱកាសនោះ​ លោក​ ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១ បានបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរបន្តជំរុញលើកកម្ពស់ការអភិវឌ្ឍបៃតង និងការផ្ដល់នូវការបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម។ កម្ពុជាមានសុខសន្តិភាព ស្ថេរភាពសង្គម មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​ សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព និងសុខុមាលភាព ឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។

លោកអភិបាលរងខេត្ត​ បន្តថា កម្ពុជាបានដាក់ចេញនូវយុទ្ធនាការទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដែលជាយុទ្ធសាស្ត្រសមស្របក្នុងការចូលរួមការអភិវឌ្ឍវិស័យទេសចរណ៍ ជាមាសបៃតង នឹងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតងប្រកបដោយសុវត្ថិភាព។ ទីក្រុងស្អាតក្រោមប្រធានបទ “ទម្លាប់ថ្មីដើម្បីទីក្រុងស្អាត” ជាមួយចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត ភាពស្អាត និងបៃតង ដោយធានាសន្តិសុខ សុវត្ថិភាពពេញលេញមានសេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ច ពោលគឺផ្ដល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដ សម្រាប់ការរស់នៅដែលជាអភិក្រមថ្មី ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងបរិបទក្នុងនិងក្រោយជំងឺឆ្លងកូវីដ-១៩។ គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាល ដូច្នេះយើងត្រូវចេះសម្របសម្រួលរស់ក្នុងសភាពថ្មី ពោលគឺត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ត្រូវពង្រឹងសមត្ថភាព គុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។ គ្រប់ក្រុង ស្រុក ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ឱ្យកាន់តែសកម្ម ស្របតាមយុទ្ធនាការទីក្រុងស្អាត ទីក្រុងអនុវត្តវិធានសុវត្ថិភាព សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងត្រូវរស់នៅក្នុងទម្លាប់ថ្មី ដោយត្រូវដឹង និងយល់អំពីឥទ្ធិពល និងផលប៉ះពាល់ និងវិធានការបង្ការទប់ស្កាត់ និងចេះថែរក្សាអនាម័យ គោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាល។ បន្តផ្ដល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សក្តិសមនឹងកិត្តនាមកម្ពុជាព្រះរាជាណាចក្រ អច្ឆរិយ: ផ្ដល់ភាពកក់ក្តៅ ។ គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមគាំទ្រចលនាប្រឡងប្រណាំងទីក្រុងស្អាត និងជំរុញចលនាទេសចរណ៍ក្នុងស្រុក ក្នុងនិងក្រោយដំណាក់កាលជំងឺកូវីដ-១៩។សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរខេត្តកោះកុង នឹងបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះរាល់ពាណិជ្ជករដែលបំរើសេវាក្នុងវិស័យទេសចរណ៍ ត្រូវត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង ដើម្បីបង្កើនការងារ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរថែមទៀត ៕

ដោយ៖ សហការី


ចែករំលែក៖