ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានគណបក្ស ប្រជាជនកម្ពុជាតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជាផ្លូវការហើយ ។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានសម្ដែងនូវការគោរពដឹងគុណ ចំពោះសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍, គណៈកម្មាធិការកណ្តាលគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់ឱកាស ការគាំទ្រនិងជំនឿទុកចិត្តចំពោះរូបលោក តាមរយៈការសម្រេចតែងតាំងជាបន្តបន្ទាប់ ក្នុងរចនាសម្ព័ន្ធដឹកនាំគណបក្សមូលដ្ឋាន ដែលសុទ្ធសឹងតែជាតួនាទីស្នូល ជាពិសេស គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំ និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃួង ស្រេង ក៏បានធ្វើការប្តេជ្ញាចិត្តបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិ តាមរយៈការខិតខំ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយរបស់ ជាតិមាតុភូមិ តាមរយៈការចូលរួមអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ដែលបានក្លាយជាគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោប្រធានគណបក្ស ។
ប្តេជ្ញាបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស សំដៅពង្រឹងឆ្លងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណ បក្ស ឱ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ស្របតាមគោលការណ៍សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ ។ ប្តេជ្ញាបន្តអនុវត្តស្មារតី ៧មករា ដើម្បីពូនជ្រុំកម្លាំងគាំទ្រគណបក្ស ឱ្យទៅជាសកម្មភាពអភិវឌ្ឍជាតិមាតុភូមិលើ គ្រប់វិស័យ ហើយនៅតែរក្សាបាននូវ តម្លៃសច្ចធម៌នៅ ក្នុងប្រវត្តិសាស្ត្រ ដែលគ្មានជនណាម្នាក់ អានុភាព ណាមួយអាចមកបំផ្លាញ ឬ មូលបង្កាច់បានឡើយ។ប្តេជ្ញាបន្តកៀរគរកម្លាំងយុវជនជំនាន់ក្រោយ ឱ្យចូលមក រួមរស់ក្នុងជីវភាពនយោបាយ ក្រោមដំបូលនៃមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ស្របតាមគោលការណ៍ “រក្សាចាស់ ពង្រីកថ្មី” ដែលធានាបានទាំងគុណភាព និង បរិមាណ តាមរយៈការកសាងអត្តចរិត សីលធម៌ល្អ ថ្លៃថ្នូរ ស្អាតស្អំ និងការបន្តប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស។
ប្តេជ្ញាបន្តបញ្ជ្រាបកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តនានារបស់គណបក្សទៅក្នុងជួរសមាជិក-សមាជិកាគណបក្ស និង យុវជនជំនាន់ក្រោយ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រឭក ជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស និង សំដៅកសាងកម្លាំងពិត ដែលហ៊ានការពារផលប្រយោជន៍ គណបក្សនៅគ្រប់កាលៈទេសៈទាំងអស់។ ប្តេជ្ញាបន្តដើរតាមបន្ទាត់នយោបាយរបស់គណបក្ស ដោយឥតងាករេជាពិសេសជំរុញការធ្វើកំណែទម្រង់ មុតស្រួចតាមបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្ត ខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីឈានឆ្ពោះ ទៅរក្សាជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣និងគ្រប់ការបោះឆ្នោត ទាំងអស់ នាពេលខាងមុខ៕
ដោយ៖ សំរិត