ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា មានបុគ្គលិកអង្គការសហប្រជាជាតិដល់ទៅ១០នាក់ ដែលជាបុគ្គលិកក្នុងតំបន់ធ្វើការឱ្យអង្គការសហប្រជាជាតិនៅក្នុងប្រទេសអេត្យូពី ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានី Addis Ababa នៅក្នុងយុទ្ធនាការបោសសម្អាតក្រុមជនជតិភាគតិច Tigray ក្រោយប្រទេសនេះប្រកាសអាសន្ន។
ប្រភពព័ត៌មានបានឱ្យដឹងថា បុគ្គលិកមួយចំនួនត្រូវបានចាប់ខ្លួនបញ្ចូនចេញពីផ្ទះ ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ បានប្រកាសថា មន្ត្រីសន្តិសុខរបស់អង្គការនេះបានទៅសួរសុខទុក្ខបុគ្គលិកដែលបានចាប់ខ្លួន ។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានផ្ញើឯកសារទៅកាន់ក្រសួងការបរទេសអេត្យូពី ស្នើឱ្យដោះលែងមនុស្សដែលបានចាប់ខ្លួនខាងលើ។
ចំណែកអ្នកនាំពាក្យអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសអេត្យូពី បានបញ្ជាក់ថា ស្ថាប័នអង្គការសហប្រជាជាតិប្រចំានៅក្នុងប្រទេសនេះបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពចាប់ខ្លួនបុគ្គលិករបស់ UN ហើយសុវត្ថិភាពរបស់ពួកគាត់គឺជាអាទិភាព។
កាលពីថ្ងៃទី២ខែវិច្ឆិកា ប្រទេសអេត្យូពី បានប្រកាសអាសន្ន ទូទាំងប្រទេសរយៈពេល ៦ខែ ដោយបារម្ភពីការធ្វើបដិវត្តន៍របស់ក្រុមជនជាតិ Tigray (TPLF) និងកម្លាំងរំដោះជាតិ Oromo លើកទ័ពមកកាន់ទីក្រុង ។ នាយករដ្ឋមន្ត្រី Ahmed បានអំពាវនាវដល់ពលរដ្ឋ កាន់អាវុធក្រោកឡើងដើម្បីទប់ស្កាត់ក្រុម Tigray ។ សង្គ្រាមវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនឹងក្រុម Tigray បានចាប់ផ្តើមតាំងពីខែវិច្ឆិកាឆ្នាំ២០២០។ អង្គការសហប្រជាជាតិបានព្រមានថា នឹងមានពលរដ្ឋរាប់រយពាន់នាក់ប្រឈមនឹងកង្វះស្បៀងអាហារដោយសារតែសង្គ្រាម៕
ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)